មនុស្ស៤នាក់បាត់បង់ជីវិត ដោយគ្រោះអគ្គីភ័យក្នុងឆ្នាំ២០២០ នៅខេត្តកំពង់ចាម

អត្ថបទដោយ៖ លោកស្រី​ ពុធ ធាវី

ពេញមួយឆ្នាំ២០២០ ខេត្តកំពង់ចាមមានអគ្គីភ័យកើតទ្បើងចំនួន៤១ករណី ដែលធ្វើឲ្យបាត់បង់ជីវិតមនុស្សអស់៤នាក់ ស្លាប់គោអស់៦ក្បាល និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋអស់យ៉ាងច្រើន​ថែមទៀត។ នេះបើតាមការលើកឡើងរបស់លោកវរសេនីយឯក យ៉ន ឌីន នាយការិយាល័យបន្លត់អគ្គីភ័យនិងសង្គ្រាះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។


លោកវរសេនីយឯក យ៉ន ឌីន មានប្រសាសន៍បែបនេះ ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវីធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzកាលពីថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១ ហើយបានបន្ថែមថា អគ្គីភ័យកើតទ្បើងទាំង៤១លើក ក្នុងនោះមានក្រុងកំពង់ចាម ០២លើក ស្រុកជើងព្រៃ ១លើក ស្រុកបាធាយ៤លើក ស្រុកចំការលើ០៨លើក ស្រុកស្ទឹងត្រង់០៥លើក ស្រុកកំពង់សៀម០៧លើក ស្រុកកងមាស០២លើក ស្រុកព្រៃឈរ០៦លើក និងស្រុកស្រីសន្ធរ០៦លើក ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៤នាក់ និងស្លាប់គោអស់៦ក្បាលទៀតផង។


លោកវរសេនីយឯក បានឲ្យដឹងថា អគ្គីភ័យតែងកើតមាននៅតំបន់ងាយរងគ្រោះដូចជានៅតាមផ្សារ តាមទីប្រជុំជន កន្លែងស្តុកហ្គាស ស្ថានីយប្រេង រោងចក្រជាដើម។
លោកមានប្រសាសន៏បញ្ជាក់ថា ចំពោះការអន្តរាគមន៍គ្រោះអគ្គិភ័យ កន្លងមកមានការលំបាកខ្លះ ដោយសារតែបញ្ហាធ្វើចរាចរណ៍តាមដងផ្លូវខ្លះតូចចង្អៀត ខ្វះទឹកពេលពន្លត់ និងការរាយការណ៍របស់ប្រជាពលរដ្ឋមកស្នងការមានការយឺតយ៉ាវ ដូចច្នេះ ទើបបណ្តាលឲ្យមានការឆាប់ឆេះបន្ត។


ជាវាគ្មិនមួយរូបទៀតក្នុងកម្មវីធីលោក ហួត អូន អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម មានប្រសាសន៍ថា បច្ចុប្បន្នមន្ទីរឧស្សាហកម្មបានចូលរួមក្នុងការទប់ស្កាត់បញ្ហាអគ្គីភ័យ ដាក់បំពង់សំរាប់បូបយកទឹកដោយសហការជាមួយអាជីវកម្មទឹក ដើម្បីសង្គ្រោះអគ្គីភ័យនៅក្នុងខេត្ត និងនៅតាមមូលដ្ឋានមានចំនួន៥៦កន្លែង។ ហើយមន្ទីរឧស្សាហកម្ម នឹងបន្តដាក់បំពង់បូមទឹកបន្ថែមទៀតឲ្យបាន១០០បំពង់ ដើម្បីចូលរួមក្នុងការសហការល្អក្នុងការអន្តរាគមន៍ពន្លត់អគ្គីភ័យឲ្យទាន់ពេលវេលា។លោកវាគ្មិនទាំងពីរក៏បានជំរាបជូនអំពីផែនការបន្តថា នឹងខិតខំប្រឹងប្រែងចុះអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹង និងចេះប្រុងប្រយ័ត្នទប់ស្កាត់កុំឲ្យមានអគ្គីភ័យកើតទ្បើងក្នុងមូលរបស់ខ្លួន៕