អាជីវករណាមិនអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវរងការពិន័យ និងទទួលរងនូវទោសទណ្ឌតាមច្បាប់

អត្ថបទដោយ៖ លោក អឿន ស្រួ

មន្រ្តីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចុះធ្វើសកម្មភាពចុះអង្កេតផលិតផលថ្នាំជក់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់នេះនៅក្នុងក្រុងកំពង់ចាម។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ថើ សុផាន់ណា ប្រធានកម្មវិធីថ្នាំជក់នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។


លោកវេជ្ជបណ្ឌិត ថើ សុផាន់ណា បានប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមថា មន្រ្តីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចុះធ្វើសកម្មភាពចុះអង្កេតតាមដានផលិតផលថ្នាំជក់ នៅតាមផ្ទះអាជីវករដែលមានលក់បារី តាមហាងកាហ្វេ តាមភោជនីដ្ឋាននិងអាហារដ្ឋានជាដើម ដើម្បីធានាថា ពួកគាត់បានគោរពទៅតាមការណែនាំ និងបានអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។


លោកបន្តថា កន្លងទៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម តែងតែចាត់តាំងមន្រ្តីជំនាញរបស់មន្ទីរចុះធ្វើការត្រួតពិនិត្យជាប្រចាំ ទៅលើការប្រើប្រាស់ ការលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មបារីតាមរូបភាពផ្សេងៗនិងការបណ្តុះបណ្តាលអប់រំដល់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងក្រុងកំពង់ចាម។


លោកវេជ្ជបណ្ឌិតបញ្ជាក់ថា សកម្មភាពនេះ នឹងចូលរួមចំណែក ក្នុងការកសាងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ច បានមួយកម្រិតទៀត ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងដើម្បីចូលរួមកែប្រែក្រុងកំពង់ចាមជាទីក្រុងគ្មានផ្សែងបារី ពិសេសទីក្រុងគ្មានផ្សែងបារី គឺសំដៅដល់ការហាមមិនឲ្យជក់បារីនៅកន្លែងធ្វើការ និងទីសាធារណៈ៕