អ្នកគេចពីចត្តាឡីស័កពិន័យពី១លាន រៀលទៅ៥លានរៀល និងអ្នកនាំគេគេចវេះពិន័យពី១០លានរៀលទៅ៥០លានរៀល

អត្ថបទដោយ៖ ធឹម សារ៉ន

ប្រជាពរដ្ន និងពលករខ្មែរដែលគេចវេះមិនព្រមធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានការសុខាភិបាលនឹងត្រូវទទួលរងការផាកពិន័យចំនួន ១លានរៀលទៅ៥លានរៀល និងអ្នកនាំគេគេចវេះពិន័យពី១០លានរៀលទៅ៥០លានរៀល និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។ នេះបើតាមការឲ្យដឹងពីលោកស្រី ខៀវ សុជាតិ ប្រធានការិយាល័យអធិការកិច្ច និង វិវាទនៃមន្ទីរការងារ ខេត្តកំពង់ចាម។លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ លើប្រធានបទ (ការគ្រប់គ្រងនិងជំរុញពលករដែលត្រឡប់ចូលសហគមន៍ឲ្យធ្វើចត្តាឡីស័ក) ។


លោកស្រី ខៀវ សុជាតិ មានប្រសាសន៍ថា យោងតាមសេចក្តីប្រកាស ក្រសួងបានជូនដំណឹងដល់ពលករកម្ពុជាទាំងអស់ថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាពសាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ពលករទាំងអស់មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយ អាចមានហានិភ័យខ្ពស់ចំពោះអាយុជីវិតផ្ទាល់ខ្លួននិងការនាំជំងឺឆ្លងចូលមកក្នុងប្រទេស។ សេចក្តីប្រកាសបន្ថែមថា ករណីពលករចូលមកកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត។


លោកបន្ថែមថា បើករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាកពិន័យចំនួន១លានរៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។ ក្នុងចំណុចនេះគឺត្រូវតែអនុវត្តចំពោះអ្នកទាំងឡាយណាដែលមិនព្រមធ្វើចត្តាឡីស័ក ដែលក្រសួងសុខាភិបាលបានណែនាំកន្លងទៅ ព្រោះនៅក្នុងអនុក្រឹត្យទាក់ទងទៅនឹងមាត្រាទី៦ ស្តីពីវិធានការអំពីជំពូកទី៣ វិធានការសុខាភិបាលដែលតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។


ចំណែកលោកវរសេនីយ៍ទោ ថុលម៉េង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏បានស្នើ និងអំពាវនាវឲ្យបងប្អូនពលកររួមគ្នាការពារជំងឺកូវីដ ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារ ក៏ដូចជាសហគមន៍ និងត្រូវសហការផ្តលើព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំពលករឆ្លងដែនចេញ-ចូលខុសច្បាប់ប្រទេសកម្ពុជា ហើយត្រូវរាយការទៅអាជ្ញាធរ ឬសមត្ថកិច្ចបើមានការសង្ស័យ៕