សមត្ថកិច្ច និងមន្រ្តីជំនាញខេត្តកំពង់ចាម នឹងចាប់ផ្តើមចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយ ដឹកជញ្ជូន ចាប់ពីនៅថ្ងៃទី០១ ខែកុម្ភៈតទៅ

អត្ថបទដោយ៖ លោក អឿន ស្រួ

(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការិយាល័យចរាចរណ៍ការនឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។នេះបើតាមប្រសាសន៍របស់លោកវរសេនីយទោ ខាន់ វាសនា នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម។


លោកវរសេនីយទោ ខាន់ វាសនា បានឲ្យដឹងទៀតថា សមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត អាវុធហតខេត្ត មន្រ្តីសាលាខេត្ត ដឹកនាំដោយមន្រ្ដីពន្ធដារ រួមសហការគ្នា នឹងចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២០ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃ រាជធានី-ខេត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១តទៅ»។


លោកវរសេនីយទោ បញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន។ កាលបរិច្ឆេទនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ៕