អត្ថបទដោយ៖ សុខ សីលា
លោក ហួត សុធា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម បានប្រកាសប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រឆាំងអំពើជួញដូរមនុស្សដោយពង្រឹងការផ្សព្វផ្សាយ ទប់ស្កាត់ ស្វែងរកបទល្មើស និងបង្ក្រាបកាន់តែខ្លាំងក្លា ហើយមិនអនុញ្ញាតឲ្យជនល្មើសទាំងឡាយមានសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ បើ ទោះបីជាជនល្មើសមានកលល្បិចខ្ពស់យ៉ាងក៏ដោយ។លោក ហួត សុធា មានប្រសាសន៍បែបនេះនៅក្នុងកម្មវិធីសន្ទនាមតិវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។
លោកបន្តថា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្សនេះ បានធ្វើការអប់រំផ្សព្វផ្សាយ តាមប្រព័ន្ធអេឡិកត្រូនិក វិទ្យុ ទូរទស្សន៍ និងតាមបណ្តាញផ្សព្វផ្សាយសង្គម ក៏ដូចជាការបិតផ្សាយសារ ការសម្តែងសិល្បៈ ភាពយន្តខ្នាតខ្លី និងការចែកខិតប័ណ្ណ ក៏ត្រូវបានធ្វើជាញឹកញាប់។ ជាងនេះទៅទៀតក៏បានរៀបចំ កិច្ចប្រជុំ វេទិកាសាធារណៈ យុទ្ធនាការធំៗ ជាច្រើន ដោយផ្តោតលើខ្លឹមសារស្តីពីកិច្ចការពារប្រជាពលរដ្ឋ ជាពិសេសកុមារ យុវវ័យ និងស្រ្តី ពីអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅតាមសហគមន៍ ក៏ដូចជានៅតាមសាលារៀនគ្រប់កម្រឹត។
លោក ហួត សុធា បានបន្ថែមថា ជនរងគ្រោះដោយអំពើជួញដូរមនុស្សភាគច្រើនកើតឡើងតាមរយៈការរៀបអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅប្រទេសចិន និងការចំណាកស្រុកទៅធ្វើកម្មករបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡរស៊ី។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម ក៏មានទំនាក់ទំនងជាមួយស្ថានទូតខ្មែរនៅតាមប្រទេសគោលដៅឬប្រទេសទទួល ដើម្បីជួយពង្រឹងការផ្សព្វផ្សាយ និងអនុវត្តអនុស្សរណៈកិច្ចព្រមព្រៀងនានា ដើម្បីរួមចំណែកការពារសុវត្ថិភាព ភាពរៀបរយ និងស្របច្បាប់នៃជនទេសន្តរប្រវេសន៍ និងការពារពួកគេពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព ព្រមទាំងជួយសង្គ្រោះឲ្យបានត្រឡប់មកវិញដោយសុវត្ថិភាព។ ក្នុងនោះដែរមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម មានផែនការជួយសង្គ្រោះបឋម ផ្តល់កន្លែងស្នាក់នៅ ថែទាំសុខភាព ជួយស្វែងរកគ្រួសារ ធ្វើការបណ្តុះបណ្តាល និងស្តារនីតិសប្បទាអប់រំឲ្យចូលសហគមន៍វិញ៕