ឃុំអូរស្វាយ តំឡើងអំពូលភ្លើងសូឡាជាលើកដំបូងក្នុងឆ្នាំ២០២០នេះ

អត្ថបទដោយ៖ លោក ភ័ណ្ឌ ប៉ាង

អំពូលភ្លើងបំភ្លឺផ្លូវសូឡាចំនួន១០០បង្គោលត្រូវបានអាជ្ញាធរឃុំអូរស្វាយ ទិញបំពាក់ដាក់តាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនាពេលយប់ និងលំអរភូមិ ឃុំឲ្យកាន់តែ រីកចំរើនជាបន្ត នេះបើតាម លោក ជា សៀងហេង មេឃុំអូរស្វាយ ស្រុកកំពង់សៀម បញ្ជាក់ក្នុង កម្មវិធីសន្ទនាមតិ កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២០នេះ។

លោក ជា សៀងហេង មានប្រសាសន៍ថា ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរឃុំបានធ្វើការផ្តួចផ្តើមគំនិត រៃអង្គាសថវិកា ពីសប្បុរសជន ដើម្បីទិញអំពូលភ្លើងសូឡា ដាក់បំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ បានចំនួន១០០បង្គោល ដោយក្នុងមួយបង្គោលមានតំលៃ ២៦០០០០រៀល ដែលថវិកាចូលរួមនេះ បានមកពីសប្បុរសជន នៅតាមមូលដ្ឋាន និងសប្បុរសជនពីខាងក្រៅ។លោកបានបន្ថែមថា អំពូលភ្លើងសូឡា ចំនួន១០០ដើមនេះ ត្រូវបានដំឡើង ចំនួន២ភូមិ មានដូចជាភូមិអូរធ្នង់ និងភូមិព្រែចក្រី សម្រាប់គម្រោងដាក់បំពាក់ភ្លើងបំភ្លឺនេះ គឺចាប់ផ្តើមធ្វើចាប់តាំងពីខែសីហា ឆ្នាំ២០២០ ហើយបញ្ចប់ទៅវិញក្នុងខែធ្នូនេះ។

លោកបានបន្តថា ក្នុងឃុំអូរស្វាយ មានភូមិចំនួន៧ភូមិ ទើបតែក្នុងឆ្នាំ២០២០នេះ អាជ្ញាធរឃុំបានបំពាក់អំពូលភ្លើងសូឡាជាលើកទីមួយក្នុងទឹកដី អូរស្វាយ សម្រាប់ភូមិចំនួន៥ទៀត អាជ្ញាធរឃុំបានដើររៃអង្គាពីប្រជាពលរដ្ឋតាមភូមិ ទិញអំពូលសូឡាបំពាក់ បានចំនួន៥បង្គោលតែប៉ុណ្ណោះ ក្នុងភូមិនីមួយៗ ។លោកបានឲ្យដឹងទៀតថា សម្រាប់ផែនការបន្តឆ្នាំ២០២១ អាជ្ញាធរឃុំអូរស្វាយនឹង បន្ត ដាក់អំពូលសូឡាជាបន្តទៀត ក្នុងភូមិព្រែចក្រី និងភូមិអំពិលក្រញ៉ាញ់។