ការចូលរួមរបស់យុវជនពិតជាមានសារៈសំខាន់ក្នុងការអភិឌ្ឍន៍សង្គមជាតិ

អត្ថបទដោយ៖ ធឹម សារ៉ន

សង្គមជាតិមួយដែលជឿនលឿនទៅបាន ពិតជាមិនអាចខ្វះបាននោះទេ នូវការចូលរួមរបស់ពលរដ្ឋនៃប្រទេសនោះ ហើយកាន់តែចាំបាច់ គឺការចូលរួមយ៉ាងខ្លំាងក្លារបស់យុវជនតែម្តង។ នេះជាការលើកឡើង របស់លោក ឃុន សំរស់ ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម។លោកលើកឡើងបែបនេះនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យជាតិភ្នំប្រុសភ្នំស្រីនាថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ក្រោមប្រធានបទ(ការផ្តល់ឳកាលដល់់យុវជនចូលរួមអភិវឌ្ឍន៍មូលដ្នាន)។

ថ្លែងក្នុងវេទិកាកិច្ចសន្ទនានោះដែរលោកបន្តថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ក្នុងនោះ យុវជន មានតួនាទីដ៏សំខាន់ដើម្បីបំពេញកិច្ចការទំាងអស់នេះ ដោយហេតុតែយុវជននឹងក្លាយជាអ្នកដឹកនាំ ជាអ្នកបន្តវេនទទួលរ៉ាប់រងចំពោះការងារដឹកនាំប្រទេសជាតិនាពេលអនាគត់។ បែបនេះហើយក្រសួងអប់រំបាន ការពង្រឹង ការយល់ដឹងរបស់យុវជនអំពីសិទ្ធិ តួនាទីរបស់ពួកគេក្នុងការកសាងសង្គមជាតិតាមរយៈកម្មវិធីសិក្សាជារឿងសំខាន់ និងចាំបាច់ណាស់ ជាពិសេសនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាល គឺបានផ្តល់ឱកាសយ៉ាងទូលំទូលាយ សេរីភាពឱ្យយុវជនបានចូលរួម លើគ្រប់វិស័យបានយ៉ាងច្រើន ហើយនេះក៏ជាចរន្តថ្មីមួយ ដែលពិភពលោកកំពុងយកចិត្តទុកដាក់ខ្លាំង គឺធ្វើយ៉ាងណាអាចស្រូបទាញកម្លាំង នៃការចូលរួមរបស់យុវជនឱ្យមានកម្រិត ខ្ពស់។

លោកបានបញ្ជាក់ថា សង្គមជាតិពិតជាត្រូវការការចូលរួមគិតគូរអភិវឌ្ឍពីយុវជន ព្រោះយុវជនជាសរសៃឈាមដ៏សំខាន់របស់សង្គម ប្រសិនបើយុវជនគិតពិចារណាមិនបានស៊ីជម្រៅ អត់យល់ពីតម្លៃនៃការចូលរួម នោះនឹងបង្កជាផលប៉ះពាល់អវិជ្ជមានដល់សង្គមជាក់ជាមិនខាន ព្រោះកម្លាំងនៃការចូលរួមរបស់យុវជន គឺជាល្បឿនដ៏សែនសំខាន់សម្រាប់ជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព៕