មន្ទីរកសិកម្មខេត្តកំពង់ចាម បានចុះចាក់វ៉ាក់សាំង ការពារជំងឺសត្វគោ ក្របី ជូន កសិករទូទាំងខេត្ត បាន ជាង៥ម៉ឺនក្បាល

អត្ថបទដោយ៖ លោក ធឹម សារ៉ន

មន្ត្រីជំនាញផ្នែកសុខភាពសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទខេត្តកំពង់ចាម បានចុះចាក់វ៉ាក់សាំង ការពារជំងឺអុតក្តាម សារទឹក ដល់សត្វ គោ ក្របី ជូនកសិករទូទាំងខេត្តកំពង់ចាមបាន ជាង៥ម៉ឺនក្បាល នៅឆមាសទី១ ឆ្នាំ២០២០ ដែលចាប់ផ្តើម​អនវត្តន៍​​​​ចុះចាក់វ៉ាក់សាំង ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ​២០២០។ នេះបើតាមការឲ្យដឹងពីលោកអាន ស៊ិនឡុង ប្រធាន ផ្នែកសុខភាពសត្វនៃមន្ទីរកសិកម្ម។

​លោក អាន ស៊ិនឡុង បានលើកឡើងបែបនេះ ក្នុងឱកាសលោក ចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី១៣ ខែតុលាឆ្នាំ២០២០ ក្រោមប្រធានបទ​«ដំណើរ​ការ​​​ផ្តល់វ៉ាកសាំងសុខភាពសត្វគោក្របី»។ លោក មានប្រសាន៍ថា ការចាក់ថ្នាំការពារជំងឺឆ្លង ដល់សត្វគោ ក្របី តាមខ្នងផ្ទះ​ប្រជាពល​​រដ្ឋ​​​​​ធ្វើ ឲ្យបានមុនពេលទឹកជំនន់ ដោយហេតុថា ពេល​មាន​ទឹកជំនន់ គោ ក្របី វាងាយនឹងកើតជំងឺ ៣ មុខសំខាន់ៗ ទី១ ជំងឺសារទឹក ទី២ ជំងឺអុតក្តាម និងទី៣ជម្ងឺបូសខ្យល់ ។

លោកបានបន្តថា នៅឆមាសទី១ ឆ្នាំ២០២០នេះ បានចាក់វ៉ាក់​សាំង​​​សារទឹក ដល់គោ ក្របីទូទាំងខេត្ត សរុប៥០៦៥០ក្បាល ក្នុងនោះសត្វគោ មាន៤៤៣៩៧ក្បាល និងសត្វក្របី​៦២៥៣​ក្បាល។ ដោយចាក់វ៉ាក់សាំងការពារជំងឺអ៊ុតក្តាមទៅលើសត្វគោ ចំនួន ៣០១ក្បាល។ ហើយសម្រាប់ ឆមាសទី២ចាប់ផ្តើម​អនុវត្តន៍​ចុះចាក់វ៉ាក់សាំង ចាប់ពីខែតុលា ដល់ ខែធ្នូឆ្នាំ២០២០។


លោក អាន ស៊ិនឡុង បានបន្តែមទៀតថា មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការ​ចាក់ថ្នាំការពារសុខភាពសត្វ នៅគ្រប់មូលដ្ឋានទាំងអស់​ក្នុងខេត្ត​កំពង់ចាម ដើម្បីកុំឲ្យមានសត្វគោ ក្របី ងាប់ដោយសារជំងឺឆ្លង ដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរ ដល់ប្រជាកសិករ។


លោកក៏បានផ្តាំផ្ញើ ដល់ប្រជាពរដ្នត្រូវនាំយកសត្វគោ ក្របី មក​ចាក់​​​​ថ្នាំ វ៉ាក់សាំងការពារជំងឺផ្សេងៗ នៅពេលមានភ្នាក់ងារ​ពេទ្យ​សត្វខេត្ត ស្រុក ឃុំ បានចុះទៅចាក់ថ្នាំជូន ធ្វើយ៉ាងណាឲ្យបាន​ទាន់​​ពេលវេលា។ ហើយក៏សូមចូលរួមរាយ​ការណ៍ជាបន្ទាន់​ផង​ដែរ ប្រសិនបើមានសត្វគោ ក្របីកើតជំងឺសារ ទឹក ជំងឺបូសខ្យល់ ឬជំងឺអុតក្តាម ដើម្បីមន្ត្រីជំនាញចុះទៅជួយចាក់​ថ្នាំទប់ស្កាត់​ការពារឲ្យបានទាន់ពេលវេលាដោយមិនគិតប្រាក់ឡើយ។