អត្ថបទដោយ៖ ធឹម សារ៉ន

ដើម្បីទប់ស្កាត់ផលប៉ះពាល់ចំពោះយុវវ័យ ក្រសួង និង មន្ទីរអប់រំ យុវជន និងកីឡា បានធ្វើការអប់រំណែនាំស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ដោយសង្កេតឃើញថាជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ជាថ្ងៃមួយដែលយុវជន សិស្សានុសិស្សមួយចំនួនយល់ច្រឡំថា ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ហើយទិវានេះក៏ពុំមែនជាបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។នេះបើតាមលោក ឃុន សំរស់ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំរយុវជននិងកីឡាខេត្តកំពង់ចាម លើកឡើង នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ឃុន សំរស់ បានបន្តថា ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជនដូចជា ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមការប្រជុំនៅពេលគោរពទង់ជាតិកុំឱ្យមានការយល់ខុសពីអត្ថន័យនៃក្តីស្រឡាញ់។
លោកបន្ថែមថា ជាពិសេសមន្ទីរនឹងពង្រឹងលើការគ្រប់គ្រងសីលធម៌ និងវិន័យដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។ ទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្សសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំកែលម្អសិស្សានុសិស្សបានទាន់ពេលវេលា។

លោកស្រីវរៈសេនីយ៍ឯក ហេង ដាឡែន នាយការិយាល័យប្រឆំាងការជួយដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្នាននគរបាលខេត្តកំពង់ចាម បានអោឲ្យដឹងដែរថា ស្នងការដ្នានដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ បាពេលខាងមុននេះ ដោយហេតុថា ទិវានេះមិនមែនជាប្រពៃណីរបស់កម្ពុជានោះទេ។
ស្នងការដ្នាននគរបាលខេត្តនិងចុះអប់រំផ្សព្វផ្សាយ ក្រើនរំលឹក និងដាស់តឿនដល់យុវជនទាំងអស់កុំឲ្យប្រព្រឹត្តទង្វើប្រាស់ចាក ពីប្រពៃណីនិងទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិនៅក្នុងថ្ងៃ«ទិវានៃក្តីស្រឡាញ់» ១៤កុម្ភៈ ឆ្នាំ២០២១នេះ។ ជាពិសេសមានកិច្ចសហការណ៍ជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅផ្សព្វផ្សាយដល់ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរជាកំហិត។

