ប្រជាពលរដ្ឋឃុំផ្ដៅជុំ រីករាយទទួលបានសមិទ្ធផល ផ្លូវបេតុង 200 ម៉ែត្រ ពីអាជ្ញាធរឃុំ

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

ប្រជាពលរដ្ឋនៅក្នុងឃុំផ្តៅជុំ មានការអបអរសាទរដល់អាជ្ញាធរដែលគ្រោងនឹងស្ថាបនា ផ្លូវបេតុងមួយខ្សែ មានប្រវែង 200 ម៉ែត្រ ឆ្លងកាត់មួយភូមិ ហើយសមិទ្ធផលនេះ វាបានជួយកាត់បន្ថយ ការលំបាករបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមការយល់ដឹង ពីលោក នង សៀកម៉េង មេឃុំផ្ដៅជុំ ស្រុកជើងព្រៃ កាលពីព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ 2021 ក្នុងវិទ្យុជាតិ ភ្នំប្រុសភ្នំស្រី fm 92.5 MHz។

លោក នង សៀកម៉េង មានប្រសាសន៍ថា គម្រោងអាទិភាព ឆ្នាំ2021 ដែលប្រជាពលរដ្ឋ ចង់បាន ផ្លូវបេតុងប្រវែង 200 ម៉ែត្រ ឆ្លងកាត់ ភូមិផ្ដៅជុំកើត ដែលជាគម្រោង តភ្ជាប់ ពីគម្រោងចាស់ កាលពីឆ្នាំ 2020។ លោកបានបន្តទៀតថា មូលហេតុដែលក្រុមប្រឹក្សាឃុំ អនុម័តយល់ព្រមធ្វើផ្លូវបេតុងប្រវែង 200 ម៉ែត្រនេះ ពីព្រោះតែភូមិផ្ដៅជុំលិចនិងផ្តៅជុំកើត មានចំនួនប្រជាពលរដ្ឋរស់នៅច្រើន ហើយចរន្តនៃការធ្វើដំណើរកាន់តែច្រើន ដូច្នេះអាជ្ញាធរបានបន្តគម្រោងស្ថាបនាឲ្យរួចរាល់តែម្ដងក្នុងឆ្នាំ 2021 នេះ។


លោកមេឃុំបានបញ្ជាក់បន្តថា សម្រាប់ផ្លូវបេតុង ប្រវែង 200 ម៉ែត្រនេះ អាជ្ញាធរ មិនទាន់ដឹងពីការចំណាយនៅឡើយទេ ដោយត្រូវរង់ចាំការដេញថ្លៃ រួចរួល ទើបអាចដឹងពីតម្លៃនៃការធ្វើផ្លូវមួយនេះបាន។ លោកបានបន្តទៀតថា ក្នុងឆ្នាំ 2021 នេះ ក្នុងនោះ អាជ្ញាធរក៏មានគម្រោង ជួសជុលផ្លូវគ្រួសក្រហម ប្រវែង 2000 ម៉ែត្រ ភូមិឈើទាលដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ 2020 អាជ្ញាធរឃុំ ផ្ដៅជុំ បានសាងសង់ផ្លូវបេតុង ប្រវែង 770 m ឆ្លងកាត់ចំនួន 2 ភូមិ គឺភូមិផ្ដៅជុំលិច ភូមិផ្ដៅជុំកើត ដែលចំណាយថវិកាប្រមាណ 164 លានរៀល៕