អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

ផ្លូវរងការខូចខាតប្រវែង៦៥៤ម៉ែត្រ ឆ្លងកាត់ភូមិចំនួន២ ត្រូវបានអាជ្ញាធរឃុំស្ថាបនាជាផ្លូវបេតុងឡើងវិញ ដែលកន្លងមក ប្រជាពលរដ្ឋទាំងពីរភូមិនេះ តែងតែលើកឡើងពី ការលំបាកធ្វើដំណើរឆ្លងកាត់ នេះបើតាមការឲ្យដឹងពី លោក មេឃុំអំពិល នៅថ្ញៃទី២៣ ខែវិច្ចកាឆ្នាំ២០២០នេះ។
លោក រ័ត្ន គឹមហៃ មេឃុំអំពិល ស្រុកកំពង់សៀមបាន មានប្រសាសន៍ថា គម្រោងអភិវឌ្ឍក្នុងឆ្នាំ២០២០នេះ អាជ្ញាធរឃុំបានអនុម័តយល់ព្រម ធ្វើផ្លូវបេតុងមួយខ្សែ មានប្រវែង ៦៥៤ម៉ែត្រ ឆ្លងកាត់ ចំនួនពីរភូមិ គឺភូមិវាលស្បូវមានប្រវែង ៥០៤ម៉ែត្រ និងភូមិអណ្តូងច្រុះ មានប្រវែង១៥០ម៉េត្រ ក្នុងការស្ថាបនាផ្លូវបេតុង ប្រើប្រាស់កញ្ចប់ថវិកា ប្រមាណជាង២៥០លានរៀល។

លោកបន្ថែមថា ផ្លូវបេតុងប្រវែង ៦៥៤ម៉ែត្រ ធ្វើរួចរួល កាលពីថ្ញៃទី១២ ខែវិច្ចកា ឆ្នាំ២០២០នេះ បន្ទាប់ពីស្ថាបនារួច ប្រជាពលរដ្ឋម្នាក់ៗ ក្នុងអារម្មណ៍បានសម្តែងការសប្បាយចិត្ត រីករាយ និងអបសារទរ ចំពោះអាជ្ញាធរដែលបានដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋ។លោកបញ្ជាក់ថា មូលហេតុ ដែលក្រុមប្រឹក្សាឃុំសម្រេចធ្វើការអភិវឌ្ឍទាំងពីរភូមិនេះ ដោយសារ ស្ថានភាពផ្លូវរងការខូច ខាតជាច្រើនកន្លែង ធ្វើឲ្យប្រជាពលរដ្ឋ ពិបាកធ្វើដំណើរឆ្លងកាត់ពី ភូមិទៅភូមិមួយទៀត យ៉ាងទៀត ធ្វើឲ្យប្រលាក់ខោ អាវសិស្សានុសិស្សដែលធ្វើដំណើរសាលារៀនរាល់ម្តង។

ផែនការអភិវឌ្ឍឆ្នាំ២០២១ ខាងមុខអាជ្ញាធរឃុំអំពិលមានគម្រោងចំនួនពីរ គឺទី១ ធ្វើផ្លូវបេតុងអរន្តឃុំ រវាងឃុំអំពិល ជាមួយឃុំរអាង បូករួមទាំងស្រុក និងគម្រោងទី២ ធ្វើផ្លូវបេតុងជាបន្តទៅទៀត ក្នុងភូមិជើងគោក មានប្រវែង១០០០ម៉ែត្រ។

