ដោយទឹកចិត្តសទ្ធាជ្រះថ្លា បន្ទាប់ពីការរៀបចំពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៧ថ្ងៃ សព របស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានបញ្ចប់សព្វគ្រប់ ទៅតាមគន្លប្រពៃណីព្រះពុទ្ធសាសនា លោកជំទាវ លាង វួចឆេង ហ៊ុនណេង រួមនឹងបុត្រា បុត្រី និងចៅៗ បាននាំយករថយន្ត ១គ្រឿង ដែលអតីតកាល រថយន្តនេះ ត្រូវបានសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រើប្រាស់ជាមធ្យាបាយក្នុងបេសកកម្មការងាររាល់ៗថ្ងៃ ទៅប្រគេនព្រះសង្ឃ គង់នៅវត្តសុវណ្ណគិរី ភ្នំប្រុស ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមគ្រួសារ សាច់ញ្ញាតិ របស់សព សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៧ថ្ងៃ យ៉ាងឱឡារិកបំផុត ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បី ឧទ្ទិសមហាកុសល ជូនដល់ឌួងវិញ្ញាណក្ខ័ន្ធ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ពិធីដារឆ្លងបណ្យ នៅគេហដ្ឋាន ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
គូសបញ្ជាក់ ផងដែរថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណៈភាព កាលពីថ្ងៃព្រហស្បត្តិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦.២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង ។ បន្ទាប់មក សពសម្តេច ត្រូវបានក្រុមគ្រួសារ យកទៅបញ្ចុះ នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ផងដែរ ។
មរណភាព របស់ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង គឺជាការបាត់បង់ដ៏ធំធេង នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ របស់ក្រុមគ្រួសារ ព្រមទាំង ការបាត់បង់ឥស្សរជននយោបាយខ្មែរ ដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធន៍ ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ បានធ្វើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន មានសេចក្ដីសោកស្ដាយ និងអាឡោះអាល័យ ក្រៀមក្រំ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ៕