នួន សន្យា
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១ ខែមេសាឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើក និងដំណើរការ យុទ្ធនាការជិះកង់រៃអង្គាសថវិកាសម្រាប់ជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំយុទ្ធនាការនេះ គឺស្របតាមគោលការណ៍ណែនាំ ជាពិសេស ពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឲ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិបង្កើតគណៈកម្មការ ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងការគៀងគរ ថវិកាយកទៅផ្គត់ផ្គង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះដល់ក្មួយៗកុមារទាំងឡាយដែលមានបញ្ហាសុខភាព និងទទួលបាន ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅតាមបណ្ដាមន្ទីរពេទ្យគន្ធបុប្ផានោះ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយថវិកាច្រើន ។ ប៉ុន្តែដោយសារថវិកាទ្រទ្រង់មន្ទីរពេទ្យបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ ដូច្នេះចាំបាច់ត្រូវការឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ ហេតុដូច្នេះហើយទើបរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំគណៈកម្មការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា នឹងបានសម្រេចយកថ្ងៃទី ១ ខែមេសានេះ ជាថ្ងៃចាប់ផ្ដើមដំណើរការយុទ្ធនាការ ប្រើរយៈពេល ៧ ថ្ងៃ ដើម្បីជិះកង់គៀងគររកថវិកា គ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
សូមបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការនេះ ជំហានដំបូង គឺជិះកង់រួមគ្នាជាក្រុមធំ ចេញពីគោលដៅសួនស្មៅ មុខសាលាខេត្ត ទៅកាន់”អក្សរខេត្តកំពង់ចាម”នៅមាត់ទន្លេ បន្ទាប់មកបំបែកជា ៧ក្រុម ដើម្បីជិះកង់ទៅកាន់គោលដៅដែលបានកំណត់ទុករួមមាន ផ្សារលក់ដូរ សាលារៀន វត្តអារាម អង្គភាពរដ្ឋបាលក្រុង ឬស្រុក មន្ទីរអង្គភាព ទីស្នាក់ការក្រុមហ៊ុន អាជីវកម្ម ឬគ្រឹះស្ថានឯកជន ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងលក់ដូរជាដើម ៕