មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រារព្ធទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ នៅមុខសាលាគរុកោសល្យភូមិភាគ ក្រុងកំពង់ចាម

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន  ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ បានប្រារព្ធទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ នៅមុខសាលាគរុ កោសល្យភូមិភាគ ក្រុងកំពង់ចាម ក្រោមការអញ្ជើញចូលរួម ពី លោក គន់ សុភា អភិបាលរងខេត្ត តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការនានា តំណាងមាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ ។

លោក លី ម៉េង សាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ឆ្លងតាមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់ពួកហ្វាស៊ីសអ៊ីត្លែរ ដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម    ដ៏សាហាវយង់ឃ្នងគួរឱ្យរន្ធត់មកលើប្រជាជន និងប្អូនៗកុមារ ។ ដោយឡែក ប្រទេសកម្ពុជា ស្ថិតក្នុងការគ្រប់គ្រង នៃរបបកម្ពុជាប្រជាធិបតេយ្យ ជាង ៣ឆ្នាំ នៅចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ ប្រជាជន និងកុមារកម្ពុជា រាប់លាននាក់ ត្រូវបានធ្វើការកាប់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ជាមួយនោះ កុមារត្រូវបានធ្វើទារុណកម្ម ឱ្យធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ ប្រមូលផ្តុំឱ្យរស់នៅក្នុងជំរំរួមគ្នា បំបែកចេញពីគ្រួសារ ឪពុកម្តាយ គ្មានទទួលបានការរៀនសូត្រ គ្មានសំលៀកបំពាក់ អាហារហូបមិនគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យាបាល និងយកទៅសម្លាប់ចោល ។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ ៧ មករា​ ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រដ្ឋា​​ភិបាល​ថ្មីមួយបង្កើតឡើង ។ ប្រជាជន និងកុមារកម្ពុជា ដែលនៅសេសសល់ ពីការកាប់សម្លាប់ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ថែរក្សាគាំពារទំនុកបំរុង លើកស្ទួយឱ្យមានជីវភាពរស់នៅសមរម្យ និងទទួលបាននូវសិទ្ធិពេញលេញ ទាំង ៤ជាមូលដ្ឋាន គឺ ៖ សិទ្ធិរស់រានមានជីវិត សិទ្ធិការអភិវឌ្ឍ សិទ្ធិទទួលបានការកាពារ និងសិទ្ធិទទួលបានការចូលរួម ។

ស្ថិតក្នុងឱកាសនោះដែរ លោក គន់ សុភា អភិបាលរង  ខេត្តកំពង់ចាម បានអាន សារលិខិត របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី កុមារ ក្នុងឱកាសខួបលើកទី៧៤ ទិវារកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ ដោយបានផ្ដោតសំខាន់ទៅលើការអំពាវនាវ ក្នុងចំណុចខាន់ៗចំនួន ៨ចំណុច គឺ៖ ១-ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី កុមារត្រូវបន្តការសម្របសម្រួល និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ជាអន្តរក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព ជាពិសេស លើអនក្ខរកម្មបច្ចេកវិទ្យាពត៌មាន និងជំរុញលើកកម្ពស់ប្រជាជនកម្ពុជា ឱ្យក្លាយជាពលរដ្ឋឌីជីថល ដែលមានសុវត្ថិភាព និងឧត្តមប្រយោជន៍ ។ ២-ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំង អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ និងបង្កើតយុទ្ធសាស្ត្រ ផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈ ការទូន្មានប្រៀនប្រដៅបែបវិជ្ជមាន ចំពោះ កុមារ និងត្រូវរួមគ្នា ដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាព ។ ៣-ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្ត ទុកដាក់ពិគ្រោះយោបល់ ជាមួយកុមាររាល់ពេលកសាងច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគេ ជាពិសេស លើកកម្ពស់ ការអនុវត្តសិទ្ធិចូលរួមរបស់កុមារ ឱ្យមានភាពទូលំទូលាយ ។ ៤-លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថល និងពង្រឹង ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះ ឱ្យមានប្រសិទ្ធភាព។ ៥- ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។ ៦-ក្រសួង ស្ថាប័ន ត្រូវបន្តអនុវត្តអនុសញ្ញាស្នូល នៃអង្គការអន្តរជាតិខាងការងារ ដើម្បី លុបបំបាត់គ្រប់ទម្រង់ នៃពលកម្មកុមារ ដោយលើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ដើម្បី ជួយសង្គ្រោះពលកម្មកុមារ ។ ៧-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំង ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ និងពលកម្មកុមារគ្រប់រូបភាព ។ ៨-បង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតប ឱ្យបានសមស្រប និងទាន់ពេលវេលា ដើម្បី រួមចំណែកទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ តាមប្រព័ន្ធអនឡាញ និងលុបបំបាត់ពលកម្មកុមារ នៅកម្ពុជា ៕