រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ ២០២៤

នួន សត្យា

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១ខែមិថុនា ឆ្នាំ ២០២៤ នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជា ជិត ៨០០នាក់ ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក និយាយរួម និងនិយាយដោយឡែក ប្រទេសកម្ពុជាយើង តែងតែបានប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ,អនុសញ្ញាលេខ ១៨២ របស់អង្គការអន្តរជាតិ ស្ដីពីការហាមប្រាមសកម្មភាពបន្ទាន់ សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងបទដ្ឋានជាតិ អន្តរជាតិ ស្តីពីសិទ្ធិកុមារផ្សេងៗទៀត។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា កុមារ គឺជាអ្នកបន្តវេនប្រទេសជាតិ ដូចពាក្យស្លោក ថា (កុមារគឺជាទំពាំងស្នងប្ញស្សី) ហេតុនេះហើយ វាត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ថែទាំ គាំទ្រពីក្រុមគ្រួសារ សហគមន៍ហើយកុមារមានសិទ្ធិទទួលបាននូវការអភិវឌ្ឍក្នុងបរិស្ថានសង្គមដ៍ល្អប្រសើរ។ ដោយផ្អែកតាមផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការបង្កើនថវិកាលើវិស័យសង្គមកិច្ច អប់រំ សុខាភិបាល
អភិវឌ្ឍជនបទកសិកម្ម និងវិស័យមួយចំនួនទៀត ក្នុងគោលដៅបម្រើឱ្យសុខមាលភាពប្រជាជន កាន់តែមានភាពប្រសើរឡើងពិសេសចំពោះកុមារ។

របាយការណ៍ជាតិ នៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារបានវាយតម្លៃជាវិជ្ជមាន នូវលទ្ធផល នៃការអនុវត្តសិទ្ធិជាចំបងរបស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួមរបស់កុមារ។

ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា អត្រាមរណៈមាតា និងទារក ត្រូវបានកាត់បន្ថយ ការផ្តល់វ៉ាក់សាំង ថ្នាំបង្ការ ជម្ងឺដល់កុមារ ការអប់រំសិក្សា និងការពារការប្រឆាំងនឹងអំពើរំលោភបំពានផ្សេងៗ ត្រូវបានយកចិត្តទុកដាក់ជំរុញឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ទោះបីជាយ៉ាងណាក្តី កុមារកម្ពុជា នៅប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួននៅឡើយ ដូចជាអំពើហិង្សាលើកុមារ ការប្រើប្រាស់គ្រឿងញៀន ( អនិតិជនទំនាស់នឹងច្បាប់ អំពើជួញដូរកុមារ ពលកម្មកុមារ ។ល។ ទាំងអស់នេះ ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ ៕