នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២០គ្រួសារ នៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានការលំបាក គ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម បានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូបក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែចុះជួបផ្ទាល់ជាមួយប្រជាជននៅពេលដែលបងប្អូនមានការលំបាក។ ឯកឧត្តម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ផងដែរថា ដោយពេលនេះជាដើមរដូវវស្សា និងជារដូវបង្កបង្កើនផលផងនោះ សូមបងប្អូនត្រូវខិតខំព្យាយាមក្នុងការប្រកបកិច្ចការងារ ដើម្បីកែប្រែនូវជីវភាពគ្រួសារឱ្យកាន់តែប្រសើឡើង និងសូមថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ធ្វើយ៉ាណាត្រូវប្រកាន់ខ្ជាប់នូវអនាម័យ។
ជាចុងក្រោយ ឯកឧត្តម បានផ្ដល់ជូននូវអំណោយដល់គ្រួសារជួបការលំបាកទាំង២០គ្រួសារនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកសុីអ៉ីវ ១យួរ សម្ភារៈប្រើប្រាស់មួយឈុតមាន១០មុខ រួមជាមួយថវិកា ៥ម៉ឺនរៀល។ លើសពីនេះ ប្រជាពលរដ្ឋចូលរួម ៦៥នាក់ក៏ទទួលបានថវិកា ក្នុងម្នាក់ៗ ១មុឺនរៀល ផងដែរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម បានប្រគេនព្រះគ្រូចៅអធិការវត្តអំពិលទ្វារ រួមមាន៖ អង្ករ៥០គីឡូក្រាម ភេសជ្ជៈ ១កេស ទឹកបរិសុទ្ធ ១កេស និងបច្ច័យ ២០មុឺនរៀល ដោយប្រគេនបច្ច័យព្រះសង្ឃ ៣អង្គ ក្នុងមួយអង្គ៥ម៉ឺនរៀល ៕