រដ្ឋបាលខេត្ត​កំពង់ចាម ត្រៀម​ផ្ទេរ​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ពី​វិទ្យាល័យ​សីហនុ ទៅ​មន្ទីរពេទ្យ​ថ្មី​ក្នុងស្រុក​កំពង់សៀម​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​រួច

នួន សត្យា

(​កំពង់ចាម​)៖ អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​វិទ្យាល័យ​សីហនុ នឹងត្រូវ​ផ្ទេរ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថ្មី ស្ថិត​ក្នុងស្រុក​កំពង់សៀម នាពេល​បុណ្យ​ភ្ជុំបិណ្ឌ​រួច ។​

​លោក ឃុន ប្រុស នាយក​រដ្ឋបាល​ខេត្តកំពង់ចាម បានបញ្ជាក់​ដូច្នេះ​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ ២០២១ ខណៈពេល​អមដំណើរ អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា និង​ក្រុមការងារ ចុះ​ពិនិត្យ​ការរៀបចំ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ស្ថិតនៅក្នុង​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ។

​លោកនាយក​រដ្ឋបាល បានបញ្ជាក់​ទៀតថា ឃ្លាំង​ពាណិជ្ជកម្ម​ចំនួន ៣ ដែល​កំពុង​រៀបចំ​ធ្វើ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល មកដល់ពេលនេះ ជា​ទ្ធ​ផល​បាន​ស្ទើរតែ ១០០% ហើយ ចំណែក​កិច្ចការ​សេសសល់​គឺ​ខាង​ជាង​កំពុងតែ​រៀបចំ​បង្ហើយ នឹងត្រូវ​ផ្ទេរ​អ្នកជំងឺ ពី​វិទ្យាល័យ​សីហនុ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​វិញ ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​ផងដែរ ចំណែក​វិទ្យាល័យ​សីហនុ នឹងត្រូវ​រៀបចំ​បាញ់ថ្នាំ​សម្លាប់​មេរោគ ប្រគល់ឱ្យ​សិស្ស​ចូលរៀន​វិញ ។​

​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅនេះ​រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ឃ្លាំង​ពាណិជ្ជកម្ម ៣ ទីតាំង​សម្រាប់​ធ្វើជា​កន្លែង​ច​ត្រា​ឡី​ស័ក និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ដោយ​ទីតាំង ទី​១ ឃ្លាំង នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក អាចដាក់​ប្រជាពលរដ្ឋ​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់ ។ ទីតាំង​ទី ២ ឃ្លាំង​នៅក្នុង​ស្រុក​កងមាស ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក អាចដាក់​ប្រជាពលរដ្ឋ ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់​ផងដែរ ។ ទីតាំង​ទី​៣ គឺ​ឃ្លាំង​ចំនួន​៣ ស្ថិត​ក្នុងស្រុក​កំពង់សៀម គឺ​ត្រូវ​បានរៀបចំ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ក្នុង​រង្វង់​ជិត ១០០០​នាក់ ។​