មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ចាម ជំរុញ​ឲ្យ​ម្ចាស់​សេវាករ​ទឹកស្អាត​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​នៅតាម​តំបន់​ដែល​ខ្លួន​ទទួលបាន​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​

​ដោយ៖ អឿន ស្រួ​

​សេវាករ​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តកំពង់ចាម​មាន​ចំនួន​៦០​មូលដ្ឋាន តែ​មិនទាន់​គ្រប់គ្រាន់​លើ​ការ​ផ្គត់​ផ្គង​សេវា​នេះ​បានល្អ​នូវឡើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម បា​ជម្រុញ​ឲ្យ​សេវាករ​ទាំងអស់​យកចិត្ត​ទុកដាក់​ក្នុងការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​បន្ថែម និង​ស្វែងរក​ដៃគូ​បន្ថែម​ទៀតផង​ដែរ​។​

លោក ហួត អូន អនុប្រធាន​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្ប​កម្មបាន​ប្រាប់​វិទ្យុជាតិ​ខេត្តកំពង់ចាម​ឲ្យ​ដឹង​ថា សេវាករ​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត ឃើញ​មាន​ចំនួន​ច្រើន​សមល្មម​ហើយ​តែ​ការចែក​ចាយ​របស់​ពួកគេ​នៅ​មិនទាន់បាន​លាតសន្ធឹង​ធំ​ទូលាយ​ទាំង​១០៩​ឃុំ ស​ង្គា​ត់​ក្នុង​ខេត្តកំពង់ចាម​នៅឡើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​នៅតែ​មិនទាន់មាន​ទឹកស្អាត​ប្រើប្រាស់ ពិសេស​នៅ​តំបន់​ជនបទ​។​

លោក ហួត អូន បាន​បញ្ជាក់ថា ការដែល​សេវាករ​ផ្គត់ផ្គង់​ទឹកស្អាត មិនទាន់បាន​ពង្រីក​ការចែក​ចាយ​ឲ្យ​មាន​វិសាលភាព​ធំ​នេះ ដោយសារ​ពាក់ព័ន្ធ​ទៅនឹង​ការចំណាយ​ច្រើន​ទៅលើ​បណ្តាញ ចំពោះ​កន្លែង​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​តិច​។ ទោះជា​យ៉ាងណា​កន្លងទៅនេះ មន្ទីរ​ឧ​ស្សហកម្ម​និង សិប្បកម្ម​បាន​ជម្រុញ​ដល់​សេវាករ​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត នៅតាម​តំបន់​ដែល​ខ្លួន​ទទួលបាន​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់​គ្រួសារ​។​

ខេត្តកំពង់ចាម​ក្នុង​រយៈពេល​៩​ខែ គិត​ត្រឹម​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ អាជីវកម្ម​ទឹកស្អាត​ឯកជន​មាន​សរុប​៦០​មូលដ្ឋាន និង​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​មាន ១​មូលដ្ឋាន ហើយ​នៅ​ឆ្នាំ​២០១៩​នេះ គ្រួសារ​ដែល​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​ពី​អាជីវកម្ម​ទឹកស្អាត​ឯកជន និង​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​សរុប​ចំនួន​ជាង ៦៥០០០​គ្រួសារ ស្មើ​២៤.៥៦​ភាគរយ​៕