ខេត្តកំពង់ចាម ដង្ហែរពានរង្វាន់ជ័យលាភី លេខ១ ក្នុងការប្រណាំងទូក និងការប្រកួតបាល់ទាត់ ពានរង្វាន់ សម្ដេចតេជោ

ចិន សារ៉ាត

ដើម្បី កិត្តិយស និងលើកទឹកចិត្ត ដល់ក្រុមកីឡាករទូក ង និងក្រុមកីឡាករបាល់ទាត់ ក្នុងខេត្តកំពង់ចាម ដែលដណ្តើមបានជ័យលាភីលេខ១ ជូនខេត្តកំពង់ចាម នារសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីដង្ហែរពានរង្វាន់ជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងជ័យលាភីចំណាត់ថា្នក់លេខ១ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ  ក្រោមការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម ហោ ប៉េង តំណាង ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ ព្រមទាំង ក្រុមកីឡាករចំណុះទូក កីឡាករបាល់ទាត់ អ្នកគាំទ្រ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហោ ប៉េង តំណាងរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអញ្ជើញប្រគល់ពានរង្វាន់ ជូនក្រុមកីឡាបាត់ទាត់ ក្លឹបមន្ទីរអប់រំ យុវជន និងកីឡា និងក្រុមកីឡាករទូកង ដែលទទួលបានជ័យលាភីលេខ ១ ។ ដែលយើងទាំងអស់គ្នា ចាត់ទុកថា គឺជាប្រវត្តិសាស្ត្រ និង មោទនភាព របស់ខេត្តកំពង់ចាម ក្នុងការទទួលបាននូវពានរង្វាន់ជ័យលាភីលេខ ១ ទាំងការប្រកួតកីឡាទូកង និងកីឡាបាល់ទាត់ ក្រោមដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ដែលទទួលបាននូវពានរង្វាន់វិស័យកីឡា ដែលធ្វើឲ្យខេត្តកំពង់ចាម កាន់តែមានភាពល្បីល្បាញ បន្ថែមទៀត ។

នាឱកាសនោះដែរ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំ ដង្ហែក្បួន ពានរង្វាន់ជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងការប្រណាំងទូក និង ជ័យលាភីចំណាត់ថា្នក់លេខ១ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ នៅតាមទីសាធារណៈ ក្នុងក្រុងកំពង់ចាម​ ខេត្តកំពង់ចាម ទៅតាមកម្មវិធីគ្រោងទុក ដោយចាប់ធ្វើដំណើរ ពីខាងមុខសាលាខេត្តកំពង់ចាម ឆ្ពោះរង្វង់មូល ព្រះបាទជ័យវរ្ម័ន តាមបណ្តោយ សួនកុមារ បត់តាមមុខមហោស្រព កាត់មុខផ្សារបឹងកុក បត់តាមផ្លូវត្រសក់ផ្អែម ឆ្ពោះទៅរង្វង់មូលជ័យវរ្ម័នទី៧ បន្តពីរង្វង់មូល ព្រះបាទជ័យវរ្ម័នឆ្ពោះ ចម្លាក់អក្សរ កំពង់ចាម តាមបណ្តោយដងទន្លរ កាត់មុខវត្តទស្សនារាម ជ្រោយថ្ម និងបត់ តាមប៉ុស្តិ៍ រដ្ឋបាលនគរបាលកំពង់ចាម កាត់មុខ ស ណ្ឋាគរមេគង្គ VIP ។ បន្តចេញពីចម្លាក់អក្សរ កំពង់ចាមឆ្ពោះគល់ស្ពាន កោះប៉ែនតាមក្រោមស្ពានគីហ្សូណា កាត់តាមមុខវត្ត ឬទមរតនៈដីដុះ ចូលតាម ភូមិរការ កាត់មុខវិហារឥស្លាម ។ បន្តពីគល់ស្ពាន កោះប៉ែន បត់ស្តាំ ឆ្ពោះ រង្វង់មូលគល់ស្ពានគីហ្សូណា តាមផ្សារព្រែក ដើមចាន់ មុខសាលាសង្កាត់ សំបួរមាស បន្តឆ្លងកាត់រង្វង់មូល នាងគង្ហីង ។ និងបន្តពីរង្វង់មូលគល់ស្ពានគីហ្សូណា បត់ឆ្វេងតាម បណ្ដោយកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះ វិមានឯករាជ្យ ជាគោលដៅចុងក្រោយ នៃការបញ្ចប់ក្បួនដង្ហែទាំងមូល ផងដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម  បានដឹកនាំក្រុមកីឡាករបាល់ទាត់ ១ក្រុម ចូលរួមប្រគួតវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ និងទទួលបានចំណាត់ថ្នាក់លេខ១ ដោយយកឈ្នះ ក្រុមកីឡាករមកពីខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ២ ទល់នឹង ០ ។ ដូចគ្នានោះដែរ  កាលពីថ្ងៃទី ២៦ ២៧ ២៨ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅឯរាជធានីភ្នំពេញ ខេត្តកំពង់ចាម បានដឹកនាំទូក ចំនួន ៣៨ទូក ក្នុងនោះ រួមមានទូក ង  ចំនួន ២៣ទូក ទូកចែវបុរស ចំនួន ២ទូក  និងទូកខ្នាតអន្តរជាតិ ១៤ទូក ។ ជាលទ្ធផល នៃការប្រកួត រយៈពេល ៣ថ្ងៃ គឺ ទូក ង ឈ្មោះ «មហាទន្សាយសែនជ័យ» ទទួលបាន ជ័យលាភីលេខ១  ក្រោមការឧបត្ថម្ភ ពី ឯកឧត្តម បណ្តិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ហើយជាទូក មកពីវត្តគជវនារាម  ហៅវត្តរាយប៉ាយ ស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ផងដែរ ៕

default
default