ក្រុមពេទ្យស្ម័គ្រចិត្ត រូតារី គ្រោងចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ ២ថ្ងៃ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម

ចិន សារ៉ាត

ក្រុមគ្រូពេទ្យស័្មគ្រចិត្ត ហៅកាត់ថា រូតារី នៃប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ និងប្រទេសចិន សរុប ១៦៨នាក់ បានមកកាន់ប្រទេសកម្ពុជា ដើម្បី ធ្វើកម្មវិធីមនុស្សធម៌ តាមរយៈ ការចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ។

នាឱកាសអញ្ជើញបើកយុទ្ធនាការ នៃការចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជាមួយ ឯកឧត្ដម ឈាន លាង រដ្ឋលេខាធិការ តំណាង ឯកឧត្ដម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសមូលនិធិទ្រទ្រង់ការអភិវឌ្ឍកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះ លោកស្រី ស្តេឡា (Stela) តំណាងក្រុមគ្រូពេទ្យ រូតារី ដែលមកពីទីក្រុងតៃប៉ិ ប្រទេសចិន បានឲ្យដឹងថា ក្រុមគ្រូពេទ្យ របស់លោកស្រី មានមូលដ្ឋាននៅតំបន់ ៣៥២៣ ។ លោកស្រីបញ្ជាក់ថា អ្វីដែលក្រុមគ្រូពេទ្យរបស់លោកស្រី មកទីនេះ ដោយសារតែ លោកស្រីធ្លាប់ទទួលបាននូវស្នាមញញឹមពីក្មេងៗ នាឱកាស អញ្ជើញមកធ្វើទស្សនកិច្ច កាលពីឆ្នាំកន្លងទៅ ដែលខណៈនោះ គាត់បានឃើញកុមារតូចៗ តស៊ូមកសាលារៀន ទាំងមេឃកំពុងភ្លៀងរលឹម ។ លោកស្រី បន្តថា ជាការពិតណាស់ ក្មេងៗ ឬកុមារតូច គឺជាសេចក្ដីសង្ឃឹម សម្រាប់មនុស្សធំ និងសង្គមជាតិ ដែលវិស័យអប់រំរបស់កម្ពុជា ក៏កំពុងផ្ដល់ឱកាស និងកម្លាំងចិត្ត ទៅដល់ពួកគាត់ ដើម្បី ទទួលបានការអប់រំបណ្ដុះបណ្ដាល ផងដែរ ។ ម្យ៉ាងវិញទៀត ក្រុមរបស់គាត់ គឺជាអ្នកកែប្រែពិភពលោក ដែលសង្ឃឹមថា ប្រជាពលរដ្ឋនៅទីនេះ មិនថាកុមារ ឬមនុស្សចាស់ នឹងទទួលបាននូវការរស់នៅ ប្រកបដោយបរិយាកាស កាន់តែល្អប្រសើរថែមទៀត នាពេលអនាគត នោះ ។

គូសបញ្ជាក់ថា ក្រៅពីការចុះបំពេញសកម្មភាពមនុស្សធម៌ ដើម្បី ពលរដ្ឋកម្ពុជា នេះដែរ ក្រុមគ្រូពេទ្យ រូតារី រួមជាមួយ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសមូលនិធិទ្រទ្រង់ការអភិវឌ្ឍកម្ពុជា និងលោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្ដមរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ក៏បានអញ្ជើញជាកិត្តិយស ផ្ដល់ជូននូវកាតាប និងសម្ភារៈមួយចំនួន ទៅដល់ក្មួយៗសិស្សានុសិស្ស ក៏ដូចជា លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា និងវិទ្យាល័យសណ្ដែក ផងដែរ ។

សូមជម្រាបថា ផ្អែកតាមកម្មវិធី នៃការចុះចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ របស់ គ្រូពេទ្យ រូតារី គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី០២ និង០៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។ ដូច្នេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ និងក្រៅតំបន់ ខាងលើ មានបញ្ហាសុខភាព សូមអញ្ជើញទៅទទួលសេវាឥតគិតថ្លៃនេះ ឲ្យបានគ្រប់ៗគ្នា និងទៅតាមពេលវេលាកំណត់ ជាក់ស្ដែង ៕