វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការការពារ​សុវត្ថិភាព​សង្គម និង​បរិស្ថាន លើ​យន្តការ​ដោះស្រាយ​បណ្ដឹងតវ៉ា ក្នុងការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប​ជំហាន ២ (TSSD-AF)

អត្ថបទ៖ ចិន សារ៉ាត

​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប នៃ​គម្រោង (TSSD-AF នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០​នេះ បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការការពារ​សុវត្ថិភាព​សង្គម និង​បរិស្ថាន លើ​យន្តការ​ដោះស្រាយ​បណ្ដឹងតវ៉ា ក្នុងការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប​ជំហាន ២ ហៅ​កាត់​ថា (TSSD-AF) ទៅដល់​ក្រុម​គោលដៅ​ជា​អ្នកពាក់ព័ន្ធ​ប្រមាណ​ជា ៤០​នាក់ នៅក្នុង​ខេត្តកំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្ដម ហាន កុសល អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯ​កឧត្ដម​អភិបាល ខេត្តកំពង់ចាម ។

ជាមួយនឹង​ប្រសាសន៍ ថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ ក្នុងនោះ​មាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​មូលនិធិ​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍ​កសិកម្ម ដែល​បានផ្ដល់​ជំនួយឥតសំណង និង​ហិរញ្ញប្បទាន​កម្ចី សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ តាមរយៈ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប​ជំហាន ២ ឯកឧត្ដម ហាន កុសល បាន​គូសបញ្ជាក់ថា ផ្អែក​តាម​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន និង​ក្របខណ្ឌ​ដោះស្រាយ ផលប៉ះពាល់ ត្រូវធ្វើ​ការសិក្សា និង​រៀបចំ​របាយការណ៍​សុវត្ថិភាព​សង្គម និង​បរិស្ថាន ដាក់ជូន ADB ដើម្បី ពិនិត្យ​បញ្ជាក់ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ មុននឹង​ចាប់ផ្ដើម​ចុះកិច្ចសន្យា ។ ជាមួយ​នោះ យន្តការ​ដោះស្រាយ​បណ្ដឹងតវ៉ា ត្រូវបាន​បង្កើតឡើង ឲ្យ​មាន​គ្រប់​គម្រោង​ដែល​បានជ្រើសរើស និង​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ តាម​ឃុំ​គោលដៅ​នីមួយៗ ផងដែរ ។

ឯកឧត្ដម​អភិបាលរង​ខេត្ត បានចាត់ទុក វគ្គ​បណ្ដុះបណ្ដាល​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ក្រុមការងារ​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង​គណៈកម្មការ​ឃុំ ក៏ដូចជា អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី អនុវត្ត​កិច្ចលទ្ធកម្ម ឲ្យ​ស្របតាម​គោលការណ៍​ណែនាំ ដោយមាន​ការប្រកួតប្រជែង ដោយ​ស្មើភាព តម្លាភាព គណនេយ្យភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

ដូច្នេះ តាមរយៈ​នេះ សូម​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​ស្ដាប់ នូវ​រាល់​បទឧទ្ទេសនាម របស់​គ្រូឧទ្ទេស និង​វាគ្មិន​ទាំងអស់ នឹងចូលរួម​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​បទពិសោធន៍ ឲ្យ​បាន​សកម្ម​ផុលផុស​ហើយ​សូម​ស្នើ​ឲ្យ​ក្រុមការងារ​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង​ថ្នាក់ឃុំ ត្រូវ​ផ្ដល់​កិច្ចសហការ​ឲ្យ​បានល្អ​ជាមួយ​ក្រុម​សេវា​ករទី ៦ ដើម្បី ពង្រឹង​ការអនុវត្ត​កិច្ចលទ្ធកម្ម​សំណង់ នៅ​គ្រប់​ថ្នាក់​មានដំណើរ​ការល្អ និង​ទាន់ពេលវេលា ។

គូស​បញ្ជាក់ដែរថា វគ្គ​បណ្ដុះបណ្ដាល ខាងលើនេះ មាន​គោលបំណង​សំខាន់ ចំនួន ២ គឺ ៖ ១.​គោលការណ៍ និង​ការបង្ហាត់បង្ហាញ​ពី​ការប្រមូល​ទិន្នន័យ​ចាំបាច់ ដែល​ពាក់ព័ន្ធ​ទៅ និង​ការរៀបចំ​របាយការណ៍​សុវត្ថិភាព​សង្គម និង​បរិស្ថាន ។ និង​២.​ណែនាំ​យន្តការ​ការទទួលខុសត្រូវ របស់​គណៈកម្មការ​ដោះស្រាយ​បណ្ដឹងតវ៉ា តាម​គ្រប់​កម្រិត៕