ឯកឧត្តម ហួត ហាក់ អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១២ នៃស្រុកស្ទឹងត្រង់

​ លី សុីយ៉ា

(កំពង់ចាម) ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងឃុំទាំង ១២ និងផ្សព្វផ្សាយសេចក្ដីណែនាំនានា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់ក្រុមការងារថ្នាក់មូលដ្ឋានសហការឲ្យកាន់តែល្អបន្ថែមទៀត ជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ព្រោះមានតែក្រុមការងារនេះទេដែលអាចជួយតម្រង់ទិស ដើម្បីឲ្យការអនុវត្តការងារប្រព្រឹត្តិទៅបានជោគជ័យ ។ ជាងនេះទៅទៀតសូមអោយពិនិត្យទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយអនុវត្តទៅតាមផែនការដែលមានស្រាប់ គឺគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ។ លើសពីនេះទៅទៀតនោះ គឺត្រូវពង្រឹងការផ្ដល់សេវាសាធារណៈឲ្យបានល្អ និងមានប្រសិទ្ធផល ជាពិសេសត្រូវប្រកាន់ខ្ជាប់ នូវឥរិយាបថ សមរម្យ ថ្លៃថ្នូរ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា ដោយមានគោលការណែនាំពីរាជរដ្ឋានភិបាល ឆាប់ៗនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក នឹងរៀបចំធ្វើវេទិការសាធារណៈជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីក្ដាប់ឲ្យបានពីកង្វល់ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានឆន្ទៈខ្ពស់ក្នុងការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការដាក់ចេញគន្លឹះអាទិភាពចំនួន ៥គឺ ៖ មនុស្ស ,ផ្លូវ ,ទឹក,ភ្លើង, និងបច្ចេកវិទ្យា (ឌីជីថល)។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ស្រុក និងឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ ត្រូវរៀបចំផែនការសកម្មភាព និងរបៀបរបបការងាររៀងៗខ្លួន។ គ្រប់ឃុំទាំង១២ ត្រូវមានផែនការសកម្មភាព និងរបៀបរបបការងារទាំង៥ រួមមាន៖ របបប្រជុំ, របបរាយការណ៍, របបរៀនសូត្រ, របបចុះមូលដ្ឋាន ,និងរបបតាមដានត្រួតពិនិត្យ ដើម្បីក្ដាប់ឲ្យបានពីកង្វល់ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕