នួន សត្យា
(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២៤ នេះ បានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនក្មេងទំនើងពីរនាក់ ដែលបានបង្ហោះម៉ូតូ តាមទីសាធារណៈ ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ។
មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលបានព័ត៌មានតាមរយ:បណ្ដាញសង្គម អំពីករណីក្មេងមួយក្រុម មានគ្នា ៣នាក់ បានជិះម៉ូតូបង្ហោះអាណាធិបតេយ្យនៅតាមទីសាធារណៈ ក្នុងក្រុងកំពង់ចាម ដោយបញ្ចេញកាយវិការរាំយ៉ាងសប្បាយ លើម៉ូតូ គ្មានភ័យខ្លាចអំពីគ្រោះថ្នាក់ឡើយ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ធ្វើការស្រាវជ្រាវមុខសញ្ញាក្មេងទាំង ៣ នោះភ្លាម រហូតធ្វើការកំណត់មុខសញ្ញាបានដូចខាងក្រោម
១.ឈ្មោះ វណ្ណ ឬទ្ធីវង្ស ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស
២.ឈ្មោះ នុន ទី ភេទប្រុស អាយុ៩ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិបឹងកុក២ សង្កាបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
៣.ឈ្មោះ សែ សុវង្ស ភេទប្រុស អាយុប្រហែល ១៥ឆ្នាំ បានគេចខ្លួន ។
សមត្ថកិច្ចឲ្យដឹងទៀតថា លុះដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ច បានឃាត់ និងនាំខ្លួនមុខសញ្ញា ២នាក់ មានឈ្មោះ វណ្ណ ឬទ្ធីវង្ស និងឈ្មោះ នុន ទី មកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
ក្រោយការសាកសួរក្មេងទាំង២ បានសារភាពថា ខ្លួនពិតជាបង្ហោះម៉ូតូ ដូចការបង្ហោះតាម facebook ពិតប្រាកដមែន ។
ប៉ុន្តែយ៉ាងណាក៏ដោយ ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការអប់រំ និងបានប្រគល់ឲ្យអាណាព្យាបាលធានាយកទៅអប់រំបន្ត ។
ដោយឡែកឈ្មោះ សែ សុវង្ស ដែលជាអ្នកបើកបរ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមកធ្វើការអប់រំ និងចុះក្នុងបញ្ជីគ្រប់គ្រងក្មេងទំនើងបន្តទៀត ៕