លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​ត្រួតពិនិត្យ ខ្លោងទ្វារ និង របង​សាលា​បឋម​សិ​ស្សា​កំពង់​រលីង ក្រុង​កំពង់ចាម​

ភ័ណ្ឌ ប៉ាង

​​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ​២០២១ រួមជាមួយ​ក្រុមការងា​រ បាន​អញ្ជើញ​ចុះ​សំណេះសំណាល និង ត្រួតពិនិត្យ របង​សាលា និង ខ្លោងទ្វារ សាលាបឋមសិក្សា​កំពង់​រលីង ស្ថិ​ង​នៅក្នុង ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង កំពង់ចាម ។​

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​នោះ លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា បានធ្វើការ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុម​ជាង​សាងសង់​របង​សាលារៀន ប្រវែង ២៧៦ ម៉ែត្រ និង​ខ្លោងទ្វារ សាលាបឋមសិក្សា​កំពង់​រលីង ដែល​ប្រកបដោយ គុណភាព​ល្អ ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស​ដែល​អាច​ទទួលយកបាន​។ លោកជំទាវ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់ លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ ដែល​កំពុង​បំពេញភារកិច្ច បង្រៀន សិ​ស្សា​នុ​សិ​ស្សា នៅ​សាលាបឋមសិក្សា​កំពង់​រលីង នៅពេល​ខាងមុខ ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា យល់ព្រម​ឲ្យ​បើក​សាលារៀន​ឡើងវិញ ត្រូវខិតខំ​យកចិត្តទុកដាក់ បង្រៀន សិស្ស ទាំង អក្សរសាស្ត្រ បច្ចេកទេស និង​ជាពិសេស ការអប់រំ សីលធម៌ ដល់​កុមារ ឲ្យ​ចេះ​មាន​សីលធម៌​រស់នៅ អាកប្បកិរិយា សមរម្យ​ផងដែរ​។​

​មុននឹង​បន្តដំណើរ​ទៅ​ចូលរួម​បុណ្យសព​លោកស្រី ឯម ថា​វី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត លោកជំទាវ ញូ​ង ចរិយា បានធ្វើការ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដែលជា​និច្ច​ជា​កាល ឯកឧត្តម តែងតែ​យកចិត្តទុកដាក់ ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ និង​តែងតែ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​នៅពេលដែល​មានទុក្ខ​។ លោកជំទាវ ក៏បាន​ធ្វើ​ណែនាំ​ឲ្យ លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ និង​អាជ្ញាធរ មូលដ្ឋាន ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន និង​កុំ​ធ្វេសប្រហែស ចំពោះ​មេរោគ​កូ​វីដ ១៩ ដោយ​ត្រូវ​អនុវត្តន៍ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ជាពិសេស គោរព តាម​ការដាក់ចេញ​សារ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល « ៣ កុំ និង ៣ ការពារ​» ឧ្យ​បាន​ហ្មត់ចត់​។​

​សូមជម្រាបថា ឯកឧត្តម អ៊ុន ចាន់​ដា និង លោកជំទាវ ញូ​ង ចរិយា បាន​ឧបត្ថម្ភ​ធ្វើ​របង​សាលារៀន មាន​ប្រវែង ២៧៦ ម៉ែត្រ និង ខ្លោងទ្វារ​សាលារៀន ដែលមាន​តម្លៃ ២៧០០$ ដែល​បានធ្វើ​រួចរាល់ ក្នុង​ខែមេសា ឆ្នាំ​២០២១​នេះ ក្នុងភូមិ កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។​