អាជ្ញាធរខេត្ត​កំពង់ចាម​សម្រេច​បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​របស់​អាជីវករ​នៅ​ផ្សារ​ព្រែក​ដំបូក អោយបាន​ជោគជ័យ​រយ​:​ពេល​៣០​ថ្ងៃ​

អត្ថបទ៖ នួន សត្យា

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម

អភិបាលខេត្ត​កំពង់ចាម ​ឯកឧត្តម អ៊ុន ចាន់​ដា និងឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ រួម​ជាមួយនឹង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ព្រឹក​ថ្ងៃទី ០៣ ខែកញ្ញា​ឆ្នាំ ២០២០​នេះ​បាន​ចុះ​រៀបចំ​វេទិកាសាធារណៈ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​អាជីវករ​ផ្សារ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​

​បើតាម​មេឃុំ​ព្រែក​ដំបូក​លោក ផល វ៉ុ​ន បាន​ឲ្យ​ដឹងថា ក្រោយពេល​អាជ្ញាធរ​ស្រុក​បានរៀបចំ​ទីតាំង​លក់ដូរ​ថ្មី កែលំអរ​សណ្តាប់ធ្នាប់​ផ្សារ​ព្រែក​ដំបូក​ឡើងវិញ​ប្រមាណ​ជា​២​ខែ​កន្លងទៅនេះ ឃើញថា​បញ្ហា​ចម្រូងចម្រាស់ លើ​បញ្ហា​ទីតាំង​លក់ដូរ​របស់​អាជីវក​រ​ប្រមាណ​ជាជាង ១០០​នាក់ មាន​ភាពចម្រូងចម្រាស់ រហូតដល់​បច្ចុប្បន្ន ។​ដែល​ក្នុងនោះ​មាន​អាជីវករ​មួយចំនួន​ឯកភាព​ទទួលយក​ទីតាំង​ថ្មី និង​អាជីវករ​មួយចំនួនទៀត​មិន​ព្រម​ទទួលយក​ទីតាំង​ថ្មី ។

​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ​នេះដែរ ក្រោយពី​បា​នប​ស្ដាប់​មតិ របស់​ក្រុមអាជីវករ លោក អ៊ិន ចាន់​ដា អភិបាលខេត្ត កំពង់ចាម បាន​សន្ម​ត់​ថា បញ្ហា​នេះ​មិនអាច​ដោះស្រាយ​ជា​បញ្ចប់​ភ្លាមៗ​បានទេ ។​

​លោក​បន្តថា ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ជោគជ័យ​តាម​នយោបាយ​ឈ្នះ​ឈ្នះ លោក​បានសម្រេច​ដកហូត​តូប​ចំនួន​២៥ ដែល​នៅសល់​ប្រគល់​ឲ្យ​ប្រធាន​គណៈ​អាជីវករ​ផ្សារ គ្រប់គ្រង​ដើម្បី​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សារ​ព្រែក​ដំបូក​។ និង​បង្កើត​ក្រុមការងារ​ចម្រុះ​របស់​ខេត្ត​១ ដោយ​ចាត់តាំង​អភិបាលរង​ខេត្ត ដឹកនាំ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ជោគជ័យ​ក្នុង​រយៈពេល ៣០ ថ្ងៃ ។​