មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ចាម បានបញ្ជាក់ថា ៖ «ការប្រមូលចំណូលថវិកា តាមរយៈ ភ្នាក់ងារពេទ្យសត្វ គឺដើម្បី បង់ជូនរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ពោលគឺ ពុំមែនយកមកដាក់ហោប៉ាវឡើយ»

អត្ថបទ៖ ចិន សារ៉ាត

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានប្រាប់ មន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ថា ៖ «ការប្រមូលចំណូលថវិកា តាមរយៈ មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម ហៅកាត់ (ភ្នាក់ងារពេទ្យសត្វ)នោះ គឺដើម្បី យកទៅបង់ជូនរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ពោលគឺ ពុំមែនយកមកដាក់ហោប៉ាវឡើយ» ។

មន្ត្រីជំនាញដដែល បានបញ្ជាក់ដែរថា ដើម្បី សម្រួលដល់ការប្រមូលចំណូល លើសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ នៅតាមក្រុង ស្រុក រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច លេខ ០៥៨សសរ ចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ ស្ដីពីការទទួលស្គាល់មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាភ្នាក់ងារប្រមូលចំណូល អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម ចំនួន ១០រូប ។ លោកបន្តថា ជារៀងរាល់ខែ ភ្នាក់ងារប្រមូលចំណូលទាំង ១០រូប នេះ មានកាតព្វកិច្ច ដើរប្រមូលសោហ៊ុយសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ មកបង់នៅអង្គភាពច្រកចេញចូល របស់រដ្ឋបាលខេត្តកំពង់ចាម តាមប្រកាសលេខ ១០១៣ សហវ ប្រក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់សេវាសាធារណៈ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ។

លោក នង ម៉េងហ៊ាង បានអះអាងដែរថា ការប្រមូលចំណូលបង់ជូនរដ្ឋនេះ គឺមន្ត្រីជំនាញ បានអនុវត្តស្របតាមកិច្ចសន្យា ចំពោះអាជីវករពិឃាតសត្វ គោ ក្របី ជ្រូកនិងបក្សី ពោលគឺ តាមច្បាប់កំណត់ប៉ុណ្ណោះ ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីណែនាំ ដើម្បី ធ្វើការគ្រប់គ្រងម្ចាស់វិនិយោគអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ នៅទូទាំងខេត្តកំពង់ចាម ជាពិសេស ជាការជម្រុញដល់អ្នកពាក់ព័ន្ធ ក្នុងសេវាកម្មនេះ ឲ្យយកចិត្តទុកដាក់ និងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមកិច្ចសន្យា និងសៀវភៅបន្ទុក ។ ដោយឡែក ចំពោះ ម្ចាស់អាជីវកម្មសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ អនុវត្តផ្ទុយពីសេចក្ដីណែនាំនេះ ត្រូវទទួលខុសត្រូវតាមច្បាប់ ជាធរមាន ផងដែរ ៕