ព្រះរាជអាជ្ញាកំពង់ចាមប្រជុំផ្សព្វផ្សាយពង្រឹងការអនុវត្តច្បាប់ និងដាក់ចេញនូវ វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់លើបទល្មើសប្រព្រឹត្តដោយក្រុមក្មេងទំនើង

នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការផ្តួចផ្តើមពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម, ស្ថាប័នអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលយុត្តិធម៌ បានរៀបចំកម្មវិធីបាឋកថាស្តីពី “ព្រះរាជអាជ្ញា និងមន្ត្រីនគរបាលយុត្តិធម៌ដែលប្រព្រឹត្ត ទៅក្រោមអធិបតីភាពរបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និង លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។ កម្មវិធីនេះក៏មានការចូលរួមពីអ្នកចូលរួម ប្រមាណ ២៥០នាក់ រួមមាន៖ ស្នងការរងទទួលផែនជំនាញ, អធិការក្រុងស្រុកទាំង១០, នាយប៉ុស្តិ៍នគរបាលរដ្ឋ បាលទាំង ១០៩ និងភ្នាក់ងារសង្គមកិច្ច នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម។

កម្មវិធីបាឋកថាដ៏មានសារៈសំខាន់នៅពេលនេះ គឺជាការបន្តចូលរួមពង្រឹងសមត្ថភាពមន្ត្រីនគរបាល យុត្តិធម៌ ភ្នាក់ងារនគបាលយុត្តិធម៌ និងមន្ត្រីនគរបាល ដើម្បីធានាការអនុវត្តច្បាប់ប្រកបដោយភាពត្រឹមត្រូវយុត្តិធម៌ និងស្របតាមវិធានច្បាប់។ កម្មវិធីនេះក៏ជាការផ្សព្វផ្សាយមួយដែលប្រកាសចេញជាថ្មីនូវជំហរកាន់តែរឹងមាំ ម៉ឺងម៉ាត់ ច្បាស់លាស់ និងមិនអត់ឱន របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចំពោះការបង្ក្រាប និងចោទប្រកាន់លើក្រុមក្មេងទំនើងក្នុងដែនដីខេត្តកំពង់ចាម។ ការអនុវត្តច្បាប់ដោយ មិនលើកលែងលើករណីក្រុមក្មេងទំនើងដែលប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌក្នុងដែនដីខេត្តកំពង់ចាម គឺជាការគិតគូរពិចារណាអំពីផលប្រយោជន៍សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋកំពង់ចាម។ ក្រៅពីនេះ ការបន្តអនុវត្តវិធានការច្បាប់លើករណីបទល្មើសគ្រឿងញៀន, និងបទល្មើសចរាចរណ៍ ក៏នៅតែជាបញ្ហាអាទិភាព ដែលស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតផងដែរ ។