ប្រធាន​សាខា​កាកបាទក្រហម​ខេត្តកំពង់ចាម​ផ្តល់​ផ្ទះ​១​ខ្នង ដល់​ស្ត្រី​មេម៉ាយ​ទ័ល​លំបាក ១​គ្រួសារ នៅ​ស្រុក​បាធាយ​

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ បាន​ដឹកនាំ​សហការី រួមជាមួយ​មេគណ​ខេត្ត អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​មនុស្សធម៌​១​ខ្នង ជូន​ស្ត្រី​មេម៉ាយ​ទ័ល​លំបាក​ម្នាក់ ឈ្មោះ ឆៃ អ៊ូ អាយុ ៤៥​ឆ្នាំ រស់នៅ ភូមិ​ប្រ​យុគ ឃុំ​ទំនប់ ស្រុក​បាធាយ ។​

​បើតាម នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត លោក ទូច ឆៃ បាន​ឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ ឆៃ អ៊ូ ជា​ស្ត្រី​មេម៉ាយ​ទ័លក្រ មានកូន​ស្រី ប្រុស ២​នាក់​ក្នុងបន្ទុក​។ ក្រោយ​ប្តី​ស្លាប់​ជិត គាត់ និង​កូន ធ្លាក់ខ្លួន​រស់នៅ​យ៉ាង​លំបាក​បំផុត ព្រោះ​គ្មាន​ទុន គ្មាន​មុខរបរ​អ្វី​ច្បាស់លាស់ ហើយ​ខ្លូន​ឯង ក៏​ថ្លង់​ទៀត សូម្បី​ជម្រក​ស្នាក់នៅ ក៏​រស់នៅក្នុង​ខ្ទម​តូច ដែល​បិទបាំង​ដោយ​ដែក​សង្ក​សី​ចាស់ ៗ ដែល​អ្នកជិតខាង បាន​ផ្តល់អោយ នៅ​លើដី​ទំហំ ៩​ម​×២១​ម ដែល​បងស្រី​បង្កើត​រស់​នៅក្បែរនោះ បានប្រគល់​អោយ​ជា​កម្មសិទ្ធិ​។

​លោក ទូច ឆៃ ឲ្យ​ដឹង​ទៀតថា ស្ត្រី​រូបនោះ ក្រៅពី​ការជួយឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល តាមរយៈ ប័ណ្ណ​សមធម៌​ក្រ​១ គាត់​ត្រូវ​ដើរ​រើស​អេតចាយ និង​ជួយ​លាងចាន​ឆ្នាំង តាម​ផ្ទះ​គេ គ្រាន់​បាន​កម្រៃ​ប្រចាំថ្ងៃ ចិញ្ចឹម​កូនតូចៗ ទាំង ២​នាក់ ។

​ដោយបាន​ដឹង​អំពី​ស្ថានភាព​លំបាក​នេះ ទើប​ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា បានសម្រេច​ផ្តល់ជូន​ផ្ទះ​ឈើ​ខ្ពស់​ផុតពី​ដី ប្រក់​ស័ង្កសី (​ទំហំ​៤​ម​×៦​ម​) ១​ខ្នង តម្លៃ ៩,៨០០, ០០០ រៀល ជា​ថវិកាបដិភាគ របស់​សាខា សាលា​គណ អនុសាខា​ស្រុក​សាលា​អនុគណ ចៅអធិការ​វត្ត និង​សប្បុរសជន ជូន​ស្ត្រី ឆៃ អ៊ូ សម្រាប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ តទៅ​។​

​ស្ថិត​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត បាន​ក្រើនរំលឹក​ដល់​អ្នកចូលរួម និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​អោយបាន​ជាប្រចាំ ហើយ​ត្រូវ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​បុគ្គល​ម្នាក់ៗ ក៏ដូចជា​ក្រុមគ្រួសារ​នីមួយៗ រួមទាំង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក្តី ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត អោយបាន​ខ្ជាប់ខ្ជួន នូវ​វិធាន​សុខាភិបាល ” ៣​ការពារ ៣​កុំ ” ដើម្បី​ជៀសអោយផុត​ពី​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ ក្នុងស្ថានភាព​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ប្រភេទ Delta កំពុង​ចរាចរ វាយលុក​យ៉ាងសកម្ម ដែលជា​បញ្ហា​ប្រឈម និង​ជា​ក្តីកង្វល់​ដ៏​ធំ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពិសេស​នៅក្នុង​គ្រួសារ និង សហគមន៍ ។​

​សូមបញ្ជាក់ថា អំណោយ​មនុស្សធម៌ ដែល​ផ្តល់ជូន​គ្រួសារ​ស្ត្រី ឆៃ អ៊ូ សម្រាប់​ការឡើង​ផ្ទះ​ថ្មី​នេះ រួមមាន អង្ករ ៥០​គ​ក្រ​, ត្រីខ ១០​កំប៉ុង​, ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ ៦​ដប​, មី ១​កេស​, ឃី​ត ១​សម្រាប់​, អាវយឺត ៨, សម្ភារ​ផ្ទះបាយ​មួយចំនួន និង ថវិកា ២០០,០០០​រៀល ។

​ដោយឡែក ពលរដ្ឋ​ខ្វះខាត​ជីវភាព ចំនួន ១២​គ្រួសារ​ទៀត ដែល​បាន​ចូលរួម​នាពេលនោះ ក៏​ទទួលបាន​អំណោយ​មនុស្សធម៌ ក្នុង ១​គ្រួសារ មាន អង្ករ ត្រីខ ឃី​ត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកា​ចំនួន ២០,០០០ រៀល ផងដែរ ។​