ដោយ៖ សម ផល្លា
នាព្រឹកថ្ងៃទី០៥ខែមីនា ឆ្នាំ២០២០ ស្រុកស្ទឹងត្រង់បាន ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ។ ពិធីនេះ រៀបចំនៅសាលាស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្ត និងលោកជំទាវ កៅ សុខអាន លោកជំទាវ កុល ធារិន លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ ស្រី គឹមឆយសមាជិករដ្ខសភា លោកស្រីប៊ុនគន្ថាអភិបាលរងស្រុកចំការលើ ដោយមានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាស្រុកជាស្ត្រី អញ្ជើញមកពីគ្រប់ឃុំ នៃស្រុក ប្រមាណជិត៦០០នាក់ ។
ស្របពេលទៅនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជា ពិភពលោក ប្រារព្ធទិវានារីអន្តរជាតិ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បី រំលឹកឡើងវិញ នូវការតស៊ូ របស់វីរៈស្ត្រី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ នៅក្នុងសង្គម ។
បន្ទាប់ពី លោកជំទាវ កុល ធារិនសមាជិករដ្ឋសភា អាននូវព្រះរាជសារ សម្តេចព្រះមហាក្សត្រីយានី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ថ្លែងនៅក្នុងឱកាសទិវានារី អន្តរជាតិ រួចមក ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានសម្តែងនូវកោតសរសើរ ថ្នាក់ដឹកនាំ នារី ស្រុកស្ទឹងត្រង់ ដែលបានចូលរួមជាមួយនារី ទូទាំងប្រទេស ដើម្បី រៀបចំពិធីនេះ ក្នុងគោលដៅរំលឹកដល់ការតស៊ូ ព្យាយាម អត់ធ្មត់ និងចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្ស ឲ្យទទួលស្គាល់ និងផ្តល់ឱកាសដល់ស្ត្រី ទទួលបានអត្ថប្រយោជន៍ ពីធនធានសេដ្ឋកិច្ចសង្គម និងសិទ្ធិ ជាពលរដ្ឋស្មើគ្នា ជាមួយបុរស ដើម្បី ធ្វើឲ្យជីវិតរស់នៅ ឈានឆ្ពោះទៅរកភាពសុខដុមរម្យនា និងភាពសម្បូររុងរឿង រួចផុតពីភាពងាយរងគ្រោះ ។
ឯកឧត្ដម មានប្រសាសន៍ថា ប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមាសភាពយេនឌ័រ» គឺបានផ្តល់ន័យ យ៉ាងសំខាន់ និងទូលំទូលាយ ក្នុងការចូលរួម របស់បុរស និងស្ត្រី ដែលទទួលយកបាននូវសិទ្ធិស្មើគ្នា ឱកាសដូចៗគ្នា ហើយជាដៃគូរដ៏សក្តិសម និងការទទួលបាន ដោយការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋាភិបាល ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងសង្គមកម្ពុជាទាំងមូល ជាពិសេស គឺស្ត្រីខ្លួនឯងផ្ទាល់ សម្រាប់ផ្តល់ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បី ជម្រុញ និងពន្លឿនកិច្ចរអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឱ្យឈានទៅរកភាព រីកចំរើនរុងរឿង ខណៈដែលប្រទេសជាតិយើង កំពុងទទួលបាននូវសុខសន្តិភាព ពេញផ្ទែប្រទេសនោះ ។ ម្យ៉ាងវិញទៀត ការប្រារព្ធទិវា ខាងលើនេះដែរ ក៏មានគោលបំណង បន្តរំលេចអំពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាន នៃសន្តិភាព ដែលយើងទាំងអស់គ្នា កំពុងអរគុណ សន្តិភាព ផងដែរ ។
នាឱកាសនោះ ឯកឧត្ដម អភិបាលរងខេត្ត ក៏បានលើកសំណូមពរ ទៅដល់ស្ត្រីទាំងអស់ ត្រូវចេះគិតគូរអំពីខ្លួនឯងជាមុនសិន ថ្វីត្បិតតែ បញ្ហាស្ត្រី គឺជាបញ្ហា របស់យើងទាំងអស់គ្នាត្រូវគិត ក៏ដោយ ពីព្រោះថា ស្ត្រី គឺជាឆ្អឹងខ្នង នៃសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ តាមរយៈនេះ ក៏សូមឲ្យបងប្អូនជាស្ត្រីគ្រប់ៗរូប ត្រូវពង្រឹងសមត្ថភាពការងារ និងបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បី មានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ ហើយទទួលឱកាស ចូលរួមចំណែកក្នុងសកម្មភាពនានា ទាំងឆាកនយោបាយ និងសង្គម ។
នៅក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីនិងលោកជំទាវក៍បានផ្តល់វត្ថុុអនុស្សាវរីយ៍ដល់សមាជិកាដែលបានចូលរួមក្នុងកម្មវិធីក្នុងម្នាក់ទទួលបានសឆង១និងថវិកាចំនួន១ម៉ឺនរៀលសរុបចំនួន៥៦៥ស៊ឹង និងថវិកាចំនួនប្រាំមួយលាន ប្រាំមួយសែននិងប្រាំមួយម៉ឹនរៀល។ បន្ទាប់ពីកម្មវិធី លោកជំទាវតំណាងរាស្ត្រ ក៍បានបន្តដំណើរទៅចូលរួមបុណ្យសពម្តាយរបស់លោក ទុន ណេតអភិបាល ស្រុកស្ទឹងត្រង់ សរុបថវិកាចំនួន៣៥ម៉ឺន និង១០០ដុល្លា ។