អត្ថបទ៖ នួន សត្យា
អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានសម្ដែងនូវការព្រួយបារម្ភពីការខ្វះទឹកស្រោចស្រពដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ ក្នុងឆ្នាំនេះ ដោយសារតែមកដល់ពេលនេះ ទឹកភ្លៀងនៅមានកម្រិត ចំណែកទឹកទន្លេមេគង្គក៏មានកម្រិតទាបជាងឆ្នាំមុននៅឡើយ ។
ឯកឧត្តម អភិបាលខេត្តបានលើកឡើងដូច្នេះនៅថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយស្រុកកំពង់សៀម។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា សូមអោយអាជ្ញាធរ ភូមិ ឃុំ ហើយនិងស្រុក បន្តនូវការជំរុញដល់ប្រជាពលរដ្ឋ ក្នុងការបង្កបង្កើតផល ជាពិសេស ពេលនេះគឺភ្លៀងបានធ្លាក់ហើយ ដូច្នេះសូមកុំទុកដីឲ្យទំនេរ ហើយក៏ត្រូវគិតទុកជាមុន អំពីការរក្សាប្រភពទឹកផងដែរ ពីព្រោះមកដល់ ពេលនេះ ទឹកភ្លៀងនៅមានកម្រិត ហើយទឹកជំនន់មានកម្ពស់ទាបជាងឆ្នាំមុន ប្រហែលជា ៦ ម៉ែត្រ បើគិតត្រឹមថ្ងៃជាមួយគ្នាខែជាមួយគ្នានេះ បើដូច្នេះប្រជាកសិករយើង អាចជួបនូវវិបត្តិ ខ្វះទឹក ពិសេស គឺប្រជាពលរដ្ឋដែលរស់នៅស្របតាមដងទន្លេមេគង្គ គឺអាចប្រឈមនឹងការខ្វះទឹកដើម្បីបង្កបង្កើនផល ។
ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរភូមិ ឃុំ ណែនាំដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់ចេះសន្សំទឹកទុក សម្រាប់ប្រើប្រាស់ ហើយប្រសិនបើប្រជាពលរដ្ឋជួបនូវបញ្ហាផ្សេងៗ សូមប្រញាប់រាយការណ៍មកអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ដើម្បីរកលទ្ធភាព ក្នុងការជួយដោះស្រាយនូវបន្ទុក កង្វល់ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។
ជាមួយគ្នានេះដែរ ស្ថិតក្នុងឱកាសកាន់ បិណ្ឌ នឹងបុណ្យភ្ជុំ ដែលមានរយៈពេល ១៥ ថ្ងៃ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្របខណ្ឌមន្ត្រីទូទាំងខេត្ត សូមជំរុញការពារ កុំឲ្យមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា និងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ។