នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នេះ រដ្ឋបាលសាលាខេត្ត សហការជាមួយអង្គការដៃគូរ បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំង ការអនុវត្តគម្រោងបង្កើនការចូលរួម របស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសំណល់រឹង-រាវ (សម្រាម) ដើម្បី ទីក្រុងស្អាត និងសុខភាពល្អ ដែលរៀបចំនៅសាលប្រជុំសាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម ខ្លួត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ជាអនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ជុំវិញខេត្ត តំណាងអង្គការ ដៃគូអភិវឌ្ឍ និងអ្នកពាក់ ជាច្រើននាក់ ផងដែរ ។ គូសបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី បង្ហាញអំពីលទ្ធផល នៃការអនុវត្តគម្រោង ក៏ដូចជា ធ្វើការពិភាក្សាអំពីវិធីសាស្ត្រអនុវត្តគម្រោង ព័ត៌មានត្រឡប់ ពីប្រជាពលរដ្ឋ ដើម្បី ផ្ដល់ជាធាតុចូល សម្រាប់យកទៅអនុវត្តគម្រោង នាពេលក្រោយៗបន្តទៀត ផងដែរ ។
នាឱកាសនោះ ឯកឧត្តម ខ្លួត ចិន្តា អភិបាលរង ខេត្តកំពង់ចាម បានចាត់ថា គម្រោងខាងលើនេះ ពិតជាមានសារៈសំខាន់ សម្រាប់ក្រុងកំពង់ចាម ក៏ដូចជា សម្រាប់ខេត្តកំពង់ចាម ទាំងមូល ។ ឯកឧត្ដម បន្តថា ថ្វីត្បិតតែ គម្រោងមានរយៈពេលខ្លី ០២ខែ ក្ដី ប៉ុន្តែ តែយើងបានសម្រេចលទ្ធផលល្អប្រសើរ ទៅតាមការគ្រោងទុក ដែលជាការសម្រេចនូវចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការពង្រឹងនូវអ្វីដែលយើងធ្វើបាន ក៏ដូចជា ការពង្រីកនូវអ្វីដែលយើង ត្រូវធ្វើបន្តទៀត ទាំងក្នុងក្របខណ្ឌជំនួយ ដែលគាំទ្រពីអង្គការដៃគូរ និងក្នុងក្របខណ្ឌមុខងារសាធារណៈ របស់មន្ត្រី និងអាជ្ញាធរ ដែលមានការពាក់ព័ន្ធ ។ យ៉ាងណាមិញ ពេលនេះ ទោះបីជាគម្រោងបានបញ្ចប់ទៅហើយក្ដី តែកិច្ចការសំខាន់ គឺអាជ្ញាធរ និងប្រជាពលរដ្ឋទទួលផលប្រយោជន៍ ក្នុងមូលដ្ឋាន ត្រូវបន្តការចូលរួមអនុវត្ត ឲ្យមាននិរន្តរ៍ភាព ដើម្បី ទីក្រុងស្អាត បរិស្ថានល្អ ក៏ដូចជា ការថែរក្សា នូវសុខមាលភាព របស់ប្រជាពលរដ្ឋ និងភ្ញៀវមកលេងកំសាន្ត ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរង ខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណ ចំពោះ ម្ចាស់ជំនួយឧបត្ថម្ភ ពីប្រជាជនជប៉ុន UNDP និងអង្គការ សមាគមន៍ ដែលបានផ្ដល់កិច្ចសហការល្អ ជាមួយរដ្ឋបាលខេត្ត ធ្វើឲ្យមានកិចំណើរគម្រោង នៅក្នុងមូលដ្ឋានគោលដៅ ជាពិសេស នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ក៏ដូចជា នៅខេត្តកំពង់ចាម ទាំងមូលរបស់យើង ផងដែរ ៕