មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ជម្ងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ដែល​បង្កដោយ​មេរោគ​កូ​រ៉ូ​ណាវី​រុស​

ដោយ​៖ អឿន ស្រួ

មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ជម្ងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ដែល​បង្កដោយ​មេរោគ​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​មេរោគ​កូ​រ៉ូ​ណា បាន​នឹង​កំពុង​បន្ត​រីក​រាលដាល​នៅក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក ដែល​កំពុង​បង្កក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​។

​លោក ស៊ីវ ម៉េង​សែ មន្ត្រី​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​ប្រាប់​វិទ្យុជាតិ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ​ថា មន្ទីរ​សុខាភិបាល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរអប់រំ​បានធ្វើការ​ផ្សព្វផ្សាយ​នៅតាម​សាលារៀន និង​នៅតាម​មូលដ្ឋាន​ទាំងអស់ ដើម្បី​ឲ្យ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​អំពី​វិធី​ការពារ និង​រោគសញ្ញា​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​មេរោគ​(​កូ​រ៉ូ​ណាវី​រុស​) ។​

លោក​បាន​បន្តថា រហូតមកទល់​ពេលនេះ គ្មានទេ​ថ្នាំ​ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​។ ក្រុមគ្រូពេទ្យ អាច​ផ្តល់​ត្រឹម​ការព្យាបាល​បំបាត់​អាកា​រៈសញ្ញា​ដែល​កើតមាន​ទាំងឡាយ ដូចជា​ឱ្យ​ថ្នាំ​បញ្ចុះ​កម្តៅ ក្នុងករណី​ក្តៅខ្លួន ថ្នាំ​ក្អក នៅពេល​មាន​អាកា​រៈ​ក្អក និង​ឱ្យ​សម្រាក កុំ​ចេញ​ដើរ​ក្រៅ​។​

បើតាម​លោក ស៊ីវ ម៉េង​សែ រហូតដល់​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ កម្ពុជា​មិនទាន់មាន ករណី​អ្នក ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ថ្មី​នោះទេ មានតែ​មួយ​ករណី​ប៉ុណ្ណោះ​លើ​ជន​ជាតិចិន​។​

​លោក​បាន​ប្រាប់​ពី​វិធី​ការពារ​ថា ប្រជាពលរដ្ឋ ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត​បន្ទាប់ពី​ការ​ប៉ះ ពាល់​សត្វ ឬ​វត្ថុ​ផ្សេងៗ​ដែល​អាចជា​ប្រភព​ចម្លងរោគ​ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ និង​ចំណីអាហារ​ដែលមាន​សុវត្ថិ​ភាពល្អ​។ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។ អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួច ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស​។ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ឬ​ទៅ​កសិដ្ឋាន​ដែលមាន​សត្វ​រស់ ឬ​សត្វព្រៃ​ឬ​កន្លែង​ដែល​គេ​ដឹងថា​មាន​វីរុស​កំពុង​ចរាចរ​។​

លោក ស៊ីវ ម៉េង​សែ ថា ប្រសិនបើ​សង្ស័យថា ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដោយមាន គ្រុនក្តៅ​៣៨​អង្សា​សេ​និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច​ក្នុងចំណោម ក្អក ហូរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ ឬ​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ 115 ជាបន្ទាន់​៕