អភិបាលខេត្តកំពង់ចាម ដាក់គោលការណ៍ ១០ ចំណុច ដើម្បីថែរក្សាសន្តិសុខ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤

នួន សត្យា

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតក្នុងខេត្ត និងដាក់គោលការណ៍ ១០ ចំណុច ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ ការពារការរៀបចំបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌ ។

ការដាក់វិធានការទាំង ១០ ចំណុចនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាកមសាលាដំបូងខេត្ត ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតក្នុងខេត្ត បានមានប្រសាសន៍ថា ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ ក្នុងកិច្ចសហប្រតិបត្តិការ ការពារ ការរៀបចំការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គ.ស.អ.ខ សូមធ្វើការណែនាំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត ឲ្យយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ និងវិធានការដូចខាងក្រោម ៖
*ទី១ ៖ ត្រូវដឹកនាំបញ្ជា តាមដាន ត្រួតពិនិត្យ រៀបចំគ្រប់គ្រង និងប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឲ្យដំណើរការ ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅប្រកបដោយសន្តិសុខ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងមានសុវត្ថិភាព
គ្មានការភ័យខ្លាច គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ

*ទី២ ៖ ធ្វើការពិគ្រោះយោបល់ និងចាត់ចែងផ្តល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំងវិស័យការងារផ្សេងៗទៀត តាមសំណើរបស់
គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត។

*ទី៣ ៖ ផ្សព្វផ្សាយគោលការណ៍សកម្មភាព និងលទ្ធផលនៃការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ស.អ.ខ ក៏ដូចជា ខ្លឹមសារនានា ពាក់ព័ន្ធដល់ការធានាសន្តិសុខ ដំណើរការមុនបោះឆ្នោត
និងការបោះឆ្នោត ជូនដល់សាធារណមតិជាតិ អន្តរជាតិ ឲ្យបានយល់ដឹង និងជ្រួតជ្រាប។

*ទី៤ ៖ ប្រមែប្រមូលព័ត៌មាន អំពីហេតុការណ៍ ឬព្រឹត្តិការណ៍នានាពាក់ព័ន្ធដល់សភាពការណ៍សន្តិសុខ ដំណើរការបោះឆ្នោត និងព័ត៌មានពីគ្រប់ប្រភពដែលបានផ្សព្វផ្សាយធ្វើឲ្យមានផលប៉ះពាល់ ដល់បរិយាកាសសន្តិសុខ នៃកិច្ដដំណើរការបោះឆ្នោត ដើម្បីធ្វើការបក
ស្រាយបំភ្លឺ ប្រតិកម្មវាយបក បន្សាបឥទ្ធិពលបញ្ចៀសការភាន់ច្រលំពីសំណាក់សាធារណមតិជាតិ អន្តរជាតិ ក្នុងករណីធ្ងន់ធ្ងរ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការច្បាប់។

*ទី៥ ៖ ចាត់ចែងគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស សម្ភារៈ ឧបករណ៍បច្ចេកទេស និងមធ្យោបាយ គ្រប់ប្រភេទរបស់មន្ទីរ-អង្គភាពពាក់ព័ន្ធពាក់ព័ន្ធដែលមានស្រាប់ ក្នុងទិសដៅជំរុញឱ្យការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ទទួលបានជោគជ័យ តាមប្រក្រតីទិន
របស់ គ.ជ.ប។

*ទី៦ ៖ ត្រូវធ្វើការផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាពជូនដល់អ្នកពាក់ព័ន្ធ ដើម្បីសហការអនុវត្ត ធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោតឲ្យមានលក្ខណៈកាន់តែប្រសើរឡើង និង ប្រកបដោយការទទួលខុសត្រូវខ្ពស់។

*ទី៧ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវគ្រប់គ្រងដឹកនាំបញ្ជា និងត្រួតពិនិត្យលើការអនុវត្តរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមាន កម្លាំងនគរបាល កងរាជអាវុធហត្ថ ឬ/និងតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ព្រមទាំងកម្លាំងប្រជាការពារ ដែលមានស្រាប់។

*ទី៨ ៖ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាត់ចែងកម្លាំងការពារ ព្យុះហយាត្រា ឬក្បួនដំណើរដោយថ្មើជើង ឬដោយយានជំនិះគ្រប់ប្រភេទ និងជុំវិញបរិវេណនៃការជួបប្រជុំ ឬឃោសនាជាសាធារណៈ ដោយរក្សាឱ្យបានបរិយាកាសនយោបាយអព្យាក្រឹត្យ។

*ទី៩ ៖ បន្តផ្សព្វផ្សាយផែនការលេខ ០០១/២៤ ផ.ក ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិក
ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដល់កងកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុង-ស្រុក។

*ទី១០ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ត្រូវរក្សាសុវត្តិភាពលំនៅដ្ឋានរបស់អង្គបោះឆ្នោត ដែលពួកគាត់ បានចេញមកក្រុងកំពង់ចាម រង់ចាំការបោះឆ្នោត នៅមណ្ឌលបោះឆ្នោត ស្ថិតនៅក្រុងកំពង់ចាម ៕