ភ័ណ្ឌ ប៉ាង
ការងារអាចដើរទៅមុខបានលុះត្រាតែមានមន្រ្តី ដែលបំរើប្រជាពលរដ្ឋ ប្រកបដោយ ភាពរហ័សរហួន ក្នុងការបំពេញការងារ ដែលថ្នាក់លើដាក់ជូនធ្វើភ្លាមៗ ហើយមានទំនួលខុសត្រូវ រាល់ទង្វើរទាំងឡាយដែលខ្លួនបានធ្វើ និងមានការលាក់ការសម្ងាត់ ទើបអាចឲ្យការងារមានប្រសិទ្ធទៅបាន។
លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មការពិគ្រោះកិច្ចការស្រ្តីនិងកុមារ ថ្លែងយ៉ាង ដូច្នេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ របស់ក្រុមការងារឆ្លើយតបពហុវិស័យទាក់ទងយេនឌ័រ នៅមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០៦ ខែធ្នុ ឆ្នាំ២០២៣។
ឆ្លៀតក្នុងឪកាសនោះ លោកជំទាវ អនហេង លក្ខិណា បានមានប្រសាសន៍ថា ដើម្បីឲ្យការបំពេញការងារធ្វើទៅបានមានប្រសិទ្ធខ្ពស់ ចង់ឲ្យមន្រ្តីដែលទទួលបន្ទុកដោះស្រាយ នៅតាមមូលដ្ឋាន សូមឲ្យប្រកាន់ភ្ជាប់ជានិច្ចមាន បីគន្លឹះ៖
១.មានភាពរហ័សរហួន៖ នៅពេលដែលថ្នាក់លើដាក់កិច្ចការឲ្យចុះទៅដោះស្រាយករណីអ្វីមួយ ក្នុងមូលដ្ឋានរបស់ខ្លួនសូមឲ្យមន្រ្តីទាំងអស់ឆាប់ប្រញាប់ប្រញារ រួសរាន់ ធ្វើការដោះស្រាយបញ្ហាដែលកើតមានក្នុងតំបន់របស់ខ្លួនឲ្យ បានភ្លាមៗ ។ ហើយបើសិនខ្លួនជាប់រវល់ប្រចាំកន្លែងណាមួយ សូមចាត់តាំងឲ្យមន្រ្តីដ៏ទៃ ឲ្យគាត់ទៅដោះស្រាយជំនួសវិញ កុំទុកឲ្យរឿងដែលកើតឡើងក្នុងមូលដ្ឋានយូរពេក ធ្វើរឿងតូចក្លាយទៅជារឿងធំទៅវិញ។
២.មានទំនួលខុសត្រូវលើការងារ៖ មនុស្សដែលមានទំនួលខុសត្រូវពេញលេញ វាមិនគ្រាន់តែជាការបញ្ជាក់ឱ្យទទួលខុសត្រូវចំពោះ សកម្មភាព និងពាក្យសម្ដីប៉ុណ្ណោះទេ។ វាមានន័យថា មន្រ្តីគ្រប់រូបត្រូវបង្ហាញនូវភាពសមហេតុផលពិតប្រាកដ ពីការបំពេញការងារ របស់អ្នកថា ពិតជាទទួលខុសត្រូវមែនចំពោះស្ថានភាពនោះ។ សម្រាប់ទំនួលត្រូវខុសត្រូវចំពោះកិច្ចការងារវិញ ត្រូវធ្វើការសហការជាមួយមន្រ្តីរបស់ខ្លួនឲ្យស្អិតរមួត ធ្វើការដោះស្រាយបញ្ហាប្រកបដោយសីលធម៍ មានយុត្តិធម៍ សម្រាប់ជនរងគ្រោះផងដែរ។
៣.លាក់ការសម្ងាត់ជនរងគ្រោះ៖ នៅពេលដែលមានកុមារ ឬស្រ្តីដែងរងគ្រោះដោយករណីផ្សេងៗ សូមឲ្យអាជ្ញាធររាល់ការផ្តល់ព័ត៌មានសូមឲ្យធ្វើជាលក្ខណៈការសម្ងាត់ ត្រូវនាំកុមារដែលរងគ្រោះទៅមណ្ឌលសុខភាព ដើម្បីព្យាបាល ហើយនាំពួកគាត់ទៅមណ្ឌលកុមារត្រូវរក្សាការសម្ងាត់ មិនត្រូប្រាប់អ្នកណាក្រៅអ្នកពាក់ព័ន្ធក្នុងសំណុំរឿងកុមារតែប៉ុណ្ណោះ។ ជៀសវាងព័ត៌មានបែកធ្លាយធ្វើឲ្យកុមារដែលរងគ្រោះម្តងហើយ ត្រូវមករងគ្រោះម្តងទៀតដោយសារ យើងលាតត្រដាងព័ត៌មានទៅប្រាប់មហាជនឲ្យដឹងពីរឿងកុមាររងគ្រោះវិញ ៕