អភិបាលខេត្តកំពង់ចាម ៖ ទំហំសេដ្ឋកិច្ចសរុបរបស់ខេត្តមានប្រមាណ ១.៨៩៣ លានដុល្លា ចំណែកឯចំណូលមនុស្សម្នាក់បានកើនដល់ ១.៦៧៨ ដុល្លារ

នួន សត្យា

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ទំហំសេដ្ឋកិច្ចសរុបរបស់ខេត្ត មានប្រមាណ ១.៨៩៣ លានដុល្លា ចំណែកឯចំណូលមនុស្សម្នាក់បានកើនដល់ ១.៦៧៨ដុល្លារ ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២៣ ក្នុងពិធីសម្ពោធសាខាធនាគារវីង ខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពី អ្នកឧកញ៉ា គិត ម៉េង និងគណៈគ្រប់គ្រងធនាគារជាច្រើនរូបទៀត ។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា ខេត្តកំពង់ចាម គឺជាខេត្តមួយដ៏ចំណាស់របស់កម្ពុជា ដែលមានប្រជាពលរដ្ឋជាង ១លាននាក់ ស្ថិតនៅតាមដងទន្លេមេគង្គហើយ ជាខេត្តសក្តានុពលលើវិស័យសំខាន់ៗ ចំនួន៣ គឺ វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ក្នុងនោះ៖ ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ជាចម្បងស្មើនឹង ៦៣,៩៣% -ឧស្សាហកម្ម និងសិប្បកម្ម ០,៦៩% និងរបរសេវាកម្ម ៣៥,៣៨% ។ ការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាសសៃឈាមដ៏សំខាន់ក្នុងការអភិវឌ្ឍ និងជំរុញការវិនិយោគ ដោយបានបង្កើតឱកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋ។ ជាក់ស្តែង ទំហំសេដ្ឋកិច្ចសរុបរបស់ខេត្តមានប្រមាណ ១.៨៩៣ លានដុល្លា ចំណែកឯចំណូលមនុស្សម្នាក់បានកើនដល់ ១.៦៧៨ ដុល្លារ។ សមិទ្ធិផលទាំងនេះ ពិតជាស្ដែងឡើងតាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា ដែល បានរក្សានូវសុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយជូនជាតិមាតុភូមិ។

ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងទៀតថា នៅប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជានឹងរៀបចំបង្កើតរដ្ឋាភិបាលនីតិកាលទី៧ ហើយយើងខ្ញុំ ទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុង ចំពោះ លោក បណ្ឌិត ហ៊ុន មាំណែត ដែលជាយុវជនដ៏មានសក្ដានុពលក្នុងការបន្តវេនរបស់កម្ពុជា សម្រាប់តួនាទីជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្តដឹកនាំប្រទេសកម្ពុជា បន្តថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងដើម្បីបន្តការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ តាមគំរូវីរៈភាពដ៏អង់អាចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕