អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ការស្ថាបនា​លូ​រំដោះ​ទឹក​ចេញពី​ក្រុង​កំពង់ចាម ខណ​:​លទ្ធផល​សាងសង់​បាន ៨០​ភាគរយ

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា រួម​នឹង​ក្រុមការងារ មន្ត្រី​ជំនាញ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ​ឆ្នាំ ២០២០ នេះ បាន​ចុះ​ពិនិត្យ ការស្ថាបនា​ឡើងវិញ លូ​រំដោះ​ទឹក​ចេញពី​ក្រុង​កំពង់ចាម ស្ថិតនៅ​សួនច្បារ​មាត់ទន្លេ ក្នុង​ក្រុង​កំពង់ចាម ដែល​បាន​បាក់ស្រុត​ក្នុង​រដូវវស្សា នាពេល​កន្លងមក ។

​បើតាម​លោក ប៊ុនលី ប្រធានការិយាល័យ​លូ និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា លូ​រំដោះ​ទឹក​នោះ​មកដល់​បច្ចុប្បន្ន​សាង​សង់​បាន​លទ្ធផល ៨០​ភាគរយ​ហើយ នឹង​គ្រោង​សាងសង់​បង្ហើយ​នៅ​ពាក់កណ្ដាល ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ។

​លោក ប៊ុនលី បាន​បន្តថា ការ​ស្ថាប​បន្ត​ដោយ​ត្រូវ​ចាក់​បេតុង ជុំវិញ​ចង្កេះ​ប្រព័ន្ធ​លូ​ថ្មី និង​ចាក់​បេតុង​គ្រប់​ពីលើ​មួយ​ជាន់​ទៀត​មាន​ប្រវែង ៨០​ម៉ែត្រ ចាប់ពី​មាត់​អណ្ដូង​លូ​ចាស់ ទៅដល់​ក្នុង​ទន្លេ ហើយ​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​លូ​មុខ​៣ ដែលមាន​មុខកាត់​លូ​នីមួយៗ មាន​ទំហំ ០,៨ ម៉ែត្រ និង​សង់​អណ្ដូង​លូ​បណ្ដែត​ចំនួន​២​បន្ថែមទៀត ដើម្បី​ការពារ​ការស្ទះ​ទឹក​ហូរ​។​

​គួរ​រំលឹក​ផងដែរ​ថា ដោយសារ​ជំនន់​ទឹកភ្លៀង កាលពី​វេលា​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ នៅ​ចំណុច​លូរ​បង្ហូរទឹក នៃ​សួនច្បារ​មាត់ទន្លេ​នោះ បាន​បាក់ស្រុត ហើយ​ករណី​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​សន្និដ្ឋានថា បណ្ដាលមកពី​ប្រព័ន្ធ​លូបង្ហូរទឹក មាន​សភាព​ចាស់​ទ្រុឌទ្រោម ពោលគឺ ប្រព័ន្ធ​លូ​នេះ​បាន​សាងសង់ឡើង​តាំងពី​ជំនាន់​អាណានិគម​បារាំង​មកម្ល៉េះ ម្យ៉ាងទៀត​នៅ​យប់កើតហេតុ គឺមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ផងដែរ​៕​