លោកជំទាវ ប៉ាង ដា​នី ចុះ​សូរ​សុខទុក្ខ និង​នាំ​អំណោយ​សម្លៀកបំពាក់ របស់​ឯកឧត្ដម​អភិបាលខេត្ត ​ចែកជូន​អ្នក​សម្រាក​ព្យាបាល​នៅ មណ្ឌល​សុខភាព​សំបួរមាស និង​មណ្ឌល​សុខភាព​វាលវង់

អត្ថបទ៖ ចិន សារ៉ាត

ដើម្បី​រួមចំណែក​សម្រាល​នូវ​ការលំបាក របស់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ខណៈដែល​ពិភពលោក ក៏ដូចជា ប្រទេស​កម្ពុជា កំពុង​ប្រឈម​ទៅនឹង​ជម្ងឺ​កូ​វីដ ១៩ នា​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ នេះ លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​សាខា សមាគមនារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម រួម​ដំណើរ​ជាមួយ លោកជំទាវ ស្រី គឹម​ឆ​យ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម បាន​ដឹកនាំ​ប្រតិភូ ចុះ​សូរ​សុខទុក្ខ និង​នាំ​អំណោយ​សម្លៀកបំពាក់ របស់​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត នៅ​មណ្ឌល​សុខភាព​ចំនួន​២ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។​

​នាឱកាស​នោះដែរ លោកជំទាវ ប៉ាង ដា​នី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ ជូន​ចំពោះ បុគ្គលិក​មណ្ឌល​សុខភាព កំព្រា ទាំងអស់ ផងដែរ ។ លោកជំទាវ​បញ្ជាក់ថា ដោយសារតែ​ប​ចុច​ប្បន្ន​នេះ កម្ពុជា ក៏ដូចជា ពិភពលោក កំពុង​ប្រឈម​ទៅនឹង​ការរីក​រាលដាល នៃ​វីរុស​កូ​វីដ ១៩ ថ្ងៃនេះ ក្នុងនាម​រដ្ឋបាលខេត្ត និង​សាខា​សមាគមនារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម បាន​នាំយក​សម្ភារៈ ដូចជា សម្លៀកបំពាក់​ក្មេង ផ្ដល់ជូន មណ្ឌល​សុខភាព​បន្ត​ចែកជូន​ប្រជាពលរដ្ឋ ជាពិសេស ស្ត្រី​ដែល​មករក​សេវា​សម្រាល នៅតាម​មណ្ឌល​សុខភាព ផងដែរ ។

​ស្ថិត​ក្នុងឱកាស​នោះដែរ លោកជំទាវ ប៉ាង ដា​នី ក៏បាន​ផ្ដាំផ្ញើ ចំពោះ ប្រជាពលរដ្ឋ​ទាំងអស់ ក៏ដូចជា ប្រធាន​មណ្ឌល​សុខភាព សូម​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ដោយ​យកចិត្តទុកដាក់ អនុវត្ត​ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល តាមរយៈ​សារ​អប់រំ​សុខភាព​សំខាន់ៗ ដូចខាងក្រោម ៖ ១.​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល ។ ២.​ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសម្រាម ឲ្យ​បាន​ត្រឹមត្រូវ ។ ៣.​ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ ។ ៤.​ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។ ៥.​បរិភោគ​អាហារ ដែល​ចម្អិន​បាន​ឆ្អិន​ល្អ ។ ៦.​ស្វាគមន៍​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ ។ ក្រៅពីនោះ ត្រូវ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​អនាម័យ តាមរយៈ ការផឹក​ស្អាត ហូប​ស្អាត និង​ការរស់នៅ​ស្អាត ដើម្បី ជៀស​ផុតពី​ជម្ងឺ កូ​វីដ ១៩ ។

សូមបញ្ជាក់ថា អំណោយ​ទាំងអស់នោះ បានមកពី​ការចូលរួមចំណែក​ពី ឯកឧត្ដម អ៊ុន ចាន់​ដា និង​លោកជំទាវ សម្រាប់​ចែកជូន ៖ ប្រជាពលរដ្ឋ ០៣​គ្រួសារ ក្នុង ១​គ្រួសារៗ ទឹកសាប៊ូ​លាងដៃ ក្រមា ១ អង្ករ ២៥​គីឡូក្រាម ត្រីខ ១​យួរ និង​សម្លៀកបំពាក់​ក្មេង ១​សម្រាប់ ។ ចំពោះ អំណោយ​សម្រាប់​មណ្ឌល​សុខភាព​សំបួរមាស និង​មណ្ឌល​សុខភាព​វាលវង់ មាន​សម្លៀកបំពាក់​សម្រាប់​ក្មេង សរុប​ចំនួន ១១០​សម្រាប់ ។