ផ្ទុះ​ធុងហ្គាស់ ឆេះផ្ទះអស់ទាំងស្រុង ១​ខ្នង និងរង​ការខូចខាត ១​ខ្នង នៅ ស្រុកស្ទឹងត្រង់

អត្ថបទ៖ លឹម ប៉ៃលិន

លំនៅឋានបងប្អូនប្រជាពលរដ្ឋ ១​ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង និង១​ខ្នងទៀត ត្រូវរង​ការខូចខាតមួយចំហៀង ដោយករណីគ្រោះ​អគ្គីភ័យនេះ បានកើតមានឡើង កាលពីវេលា​ម៉ោង ៨​និង ៣០​នាទីព្រឹក ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅក្នុងភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។

​សមត្ថកិច្ចបានឲ្យ​ដឹងថា ករណីគ្រោះ​អគ្គីភ័យនេះ បណ្ដាលឲ្យឆេះ​ផ្ទះ​របស់​ឈ្មោះ រូ​ន សូ​កូត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាតិខ្មែរ​ឥស្លាម ប្រពន្ធ​ឈ្មោះ សា​អុីត រូ​ហា​នី អាយុ​២៦​ឆ្នាំ មាន​ចំនួន​២​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ទំហំ ៥,៥០x៨​ម៉ែត្រ ដែល​បណ្តាលមកពី​ផ្ទុះ​ធុង​ហ្គាស់​(​ធុង​ធំ​) ក្នុង នោះ មាន ការ បាត់បង់​ទ្រព្យសម្បត្តិ​រួមមាន​៖ ប្រាក់​ដុល្លា​ចំនួន​២០,១៥០​ដុល្លារ សហរដ្ឋអាមេរិក ប្រាក់​ម៉ា​ឡេ​ ចំនួន​២០០ ប្រាក់រៀល​ចំនួន​៣០០,០០០​រៀល និង ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មួយចំនួនទៀត​។​

​ប្រភពបានបន្តថា ករណី​អគ្គិភ័យ​នេះ បណ្តាលអោយ​រាល​ទៅ​ឆេះ​ជញ្ជាំង​ផ្ទះ​អ្នកជិតខាង​មានឈ្មោះ ញិ​ប ម៉េង​ឃាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជាតិខ្មែរ​អស់​មួយ​ចំហៀង តែ​មិន​បណ្តាលអោយ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​។​

​សមត្ថកិច្ច បាន បញ្ជាក់ ថា ក្នុង​កិច្ចប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ គឺ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ និង​រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដោយ​ប្រើប្រាស់​ទឹក​អស់ ៣​សា​ទែន​។ ក្នុងករណី គ្រោះ​អគ្គីភ័យ នេះ​ពុំមាន​រងរបួស​ដល់​ម្ចាស់ផ្ទះ​ឡើយ៕​