អភិបាលខេត្តកំពង់ចាម ណែនាំឲ្យប្រធានមន្ទីរធនធានទឹក រៀបចំផែនការ ផ្គត់ផ្គង់ទឹកដើម្បីស្រោចស្របដំណាំរបស់ប្រជាកសិករ ក្នុងស្រុកជើងព្រៃ

នួន សត្យា

ក្នុងពេលចុះពិនិត្យស្ថានភាពទំនប់ទឹកឃុំព្រៃចារ និងការបង្កបង្កើនផល របស់ប្រជាកសិករ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ឲ្យរៀបចំផែនការ ក្នុងការផ្គត់ផ្គង់ទឹក ដើម្បីឲ្យប្រជាកសិករ រស់នៅក្នុងតំបន់នោះ មានទឹកប្រើប្រាស់ស្រោចស្របដំណាំគ្រប់គ្រាន់ ជាពិសេសនៅរដូវប្រាំងពេលខាងមុខ ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មន្ទីរធនធានទឹក និងឧតុនិយម ត្រូវសិក្សាមើលលទ្ធភាពរបស់សហគមន៍ ក្នុងការប្រើប្រាស់ប្រេង ដើម្បីបូមទឹកយកទៅប្រើប្រាស់ស្រោចស្រពដំណាំស្រូវ ហើយប្រសិនបើ ពិនិត្យឃើញថា ក្នុងសហគមន៍មានការខ្វះខាត អង្គភាពមន្ទីរធនធានទឹក និងឧតុនិយម ត្រូវរកមធ្យោបាយដើម្បីជួយដល់ពួកគាត់ ។

ប៉ុន្តែយ៉ាងណាក៏ដោយ ផ្អែកតាមការសាកសួរ របស់ ឯកឧត្តម អភិបាលខេត្ត ទៅកាន់សហគមន៍ប្រជាកសិករ ក្នុងតំបន់នោះឲ្យដឹងថា ក្នុងរដូវវស្សានេះ ធ្វើឲ្យប្រជាកសិករ មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការដាំដុះដំណាំស្រូវ គ្រាន់តែមានការខូចខាតខ្លះៗ ដោយសារសត្វល្អិត ។

ជាមួយគ្នានោះដែរ ក៏មានការស្នើសុំពីសហគមន៍កសិករ សូមឱ្យអាជ្ញាធរខេត្តជួយដោះស្រាយធ្វើប្រឡាយទឹកប្រវែងប្រមាណជាង៥០០ ម៉ែត្រ ចេញពីអាងទឹកទំនប់ព្រៃចារ ដើម្បីឲ្យប្រជាពលរដ្ឋចំនួន ៣ ភូមិ ស្ថិតក្នុងឃុំព្រៃចា បានទឹកស្រោចស្របដំណាំស្រូវលើផ្ទៃដីប្រមាណជាង ៣០ ហិចតាផងដែរ។

ជាមួយនឹងការស្នើសុំនេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឲ្យ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម យកសំណើរនោះ ដាក់ក្នុងផែនការដើម្បីធ្វើការដោះស្រាយ ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីចុះពិនិត្យស្ថានភាពទំនប់ទឹកឃុំព្រែចារ ស្រុកជើងព្រៃ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដំណាំស្រូវរបស់ប្រជាកសិករ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរផងដែរ ៕