អាជ្ញាធរខេត្ត​កំពង់ចាម​បូមទឹក​ស្តុក ទុកឱ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង នៅ​ស្រុក​កងមាស​

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា​ឆ្នាំ ២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ ភូមិសាស្ត្រ​ទំនប់ទឹក​បឹងកក់ និង​បូមទឹក ទុកឱ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង ស្ថិតនៅ​ក្នុងភូមិ​កង​តា​ណឹ​ង​ទី​៨ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ។

​តាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​ចំនួន ២​ឃុំ គឺ​ឃុំ​កង​តា​ណឹ​ង និង​ឃុំ​ស្ដៅ ស្ថិតនៅក្នុង​ស្រុក​កងមាស​នេះ បាន​អាស្រ័យ​កន្លែង​ស្តុក​ទឹក​ទំនប់​បឹងកក់​នោះ ដើម្បី​បូម​បញ្ចូល​ស្រែប្រាំង​របស់​ពួកគាត់ ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០២០ នេះ ដោយសារ​កម្ពស់​ជំនន់​ទឹកទន្លេ​មេគង្គ​ទាប ធ្វើអោយ​ទឹក​មិនអាច​ហូរ​ចូល​ស្តុក​ទឹកបាន ហើយ​បែរ​ជាមាន​ជំនន់​ទឹកភ្លៀង លិច​នៅតាម​ដីស្រែ​ទៅវិញ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​ដាំ​ស្រូវប្រាំង​បាន​ផងដែរ​។

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា នៅពេលដែល​អាជ្ញាធរខេត្ត ធ្វើការ​បូមទឹក​ចេញពី​តំបន់​ស្រែ​នោះ ពួកគាត់​នឹង​អាច​ដាំ​ស្រូវប្រាំង​បាន ។ ចំណែកឯ​ទឹក​ដែល​បាន​បូ​ស្តុក​ទុក​ផងដែរ ពួកគាត់​អាច​ប្រើប្រាស់​ទឹក​ទាំងនោះ​ដើម្បី​ស្រោច​ដំណាំ​ស្រូវ​របស់គាត់​នៅពេល​ត្រូវការ​។

​បើតាម​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម លោក អ៊ុម វិបុល បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ទំនប់​បឹងកក់ មន្ត្រី​ជំនាញ​របស់លោក​បាន​ប្រើប្រាស់​ម៉ាស៊ីន​កម្លាំង ៦៥​សេស​ចំនួន ២​គ្រឿង​ដើម្បី​បូមទឹក គឺ​បូម​រហូតដល់​ស្រក​អស់​ទើប​ឈប់​។

​លោក អ៊ុម វិបុល បានបញ្ជាក់​ផងដែរ​ថា ម៉ាស៊ីន​ទាំង ២ គ្រឿង​នេះ អាចមាន​កម្លាំង​បូមទឹក​បាន ប្រហែល ១៣០.០០០ ម៉ែត្រគូប ក្នុង​រយៈពេល ១៤៤ ម៉ោង​កន្លងមក​នោះ​។​