ចិន សារ៉ាត
នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម គឹម សាវឿន អគ្គនាយករង សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វពាហនៈ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា មួយរយៈកន្លងទៅ អាជ្ញាធរខេត្ត មិនបានធ្វើពិធីជួបជុំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លង ដល់សត្វពាហនៈ ដោយសារតែបញ្ហាជំងឺកូវីដ ១៩ ។ ប៉ុន្តែ ថ្ងៃនេះ អាចនិយាយបានថា ជាការចាប់ផ្ដើមដំបូង ក្នុងការជួបជុំជាមួយ និងប្រជាកសិករ ដើម្បី បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអ៊ុតក្តាម និងជំងឺសារទឹក ដល់សត្វគោ ក្របី របស់បងប្អូនយើង បន្ទាប់ពីប្រទេសយើង បានបិទបញ្ចប់ការបោះឆ្នោត និងរៀបចំរដ្ឋាភិបាលថ្មី ដែលមាន ឯកឧត្ដម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ដែរថា ការជួបជុំគ្នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ បន្ទាប់ពីបានបើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វពាហនៈ របស់ប្រជាពលរដ្ឋយើងនៅទីនេះហើយ បងប្អូនក៏អាចឱ្យនាំដំណឹងនេះ ផ្សព្វផ្សាយបន្ត ដើម្បី ឲ្យប្រជាពលរដ្ឋដទៃទៀតបានយល់ដឹង និងចេះថែទាំសុខភាពសត្វចិញ្ចឹមរបស់ខ្លួន ដើម្បី ទទួលបានផលចំណេញច្រើន ពីការចិញ្ចឹមនេះ ត្រឡប់មកវិញ ហើយចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព កាន់តែប្រសើរឡើងថែមទៀត ។
នាឱកាសនោះដែរ ឯកឧត្ដម គឹម សាវឿន អគ្គនាយករង សុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំ របស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះ មានគោលការណ៍ពីរ ក្នុងវិស័យកសិកម្ម ៖ទី១.មានការសម្របសម្រួលលើកទឹកចិត្ត នៅការអភិវឌ្ឍន៍ ផលិតកម្មកសិកម្ម ទីផ្សារ និងតម្លៃ ធ្វើម៉េចឱ្យផលិតផលរបស់កសិករយើង មានតម្លៃសមរម្យ ។ ទី២.ការជម្រុញវិស័យកសិកម្ម ដោយដាក់បន្ថែមនូវមន្ត្រីបច្ចេកទេស តាមបណ្ដាឃុំ ទូទាំងប្រទេស ជាង ១.០០០នាក់ ដើម្បី ជួយដល់ប្រជាកសិករយើង ដែលប្រកបមុខរបរកសិកម្ម ។ ឯកឧត្ដម បានបញ្ជាក់ដែរថា វិស័យចិញ្ចឹមសត្វ មិនខុសគ្នាពីការដាំដំណាំនោះទេ ពោលគឺ ប្រជាកសិករយើង ត្រូវពឹងផ្អែកលើកត្តាមួយចំនួន ដូចជា ៖ ការមានទីកន្លែងច្បាស់លាស់ ការរកពូជសត្វដែលល្អ និងការថែទាំសុខភាពសត្វឲ្យបានល្អប្រសើរ ។
បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម បានគូសបញ្ជាក់ថា នៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម មានគោប្រជាពលរដ្ឋ ចំនួន ៩១៩ក្បាល ហើយគោដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺ នាពេលនេះ មានចំនួន ២៥០ក្បាល ប៉ុណ្ណោះ ៕