មន្ត្រី​សមាហរណកម្ម ក្នុង​រចនាសម្ព័ន្ធ​ថ្មី របស់​ក្រុង ស្រុក នៅ​ខេត្តកំពង់ចាម​ ​ទទួលបាន​ការបណ្ដុះបណ្ដាល​តម្រង់ទិស ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​

ដោយ៖ ចិន សារ៉ាត

មន្ត្រី​សមាហរណកម្ម ក្នុង​រចនាសម្ព័ន្ធ​ថ្មី របស់​ក្រុង​/​ស្រុក ចំនួន ៦ ក្នុងនោះ​មាន ៖ ស្រុក​កំពង់សៀម កោះសូទិន ស្រី​សន្ធរ ជើងព្រៃ ស្ទឹងត្រង់ និង​ក្រុង​កំពង់ចាម សរុប​ចំនួន ២០០​នាក់ ទទួលបាន​ការបណ្ដុះបណ្ដាល​តម្រង់ទិស ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង​/​ស្រុក ។

​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​តម្រង់​ទិស កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២០ នេះ ឯកឧត្ដម កៅ សុខ​អាន អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម អភិបាលខេត្ត​កំពង់ចាម មានប្រសាសន៍ថា យោងតាម​បទពិសោធន៍ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ កន្លងមក រាជរដ្ឋាភិបាល អាចធ្វើ​ការវាយតម្លៃ​បាន ពី​ភាពខ្លាំង និង​ភាព​ខ្សោយ ក៏ដូចជា បញ្ហា​ប្រឈម និង​កាលានុវត្តភាព ផងដែរ ។ ឯកឧត្ដម​បន្តថា ឈរលើ​មូលដ្ឋាន​នេះ ស្ថិតក្នុង​បរិបទ នៃ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ នោះ​គឺ​ការ​កំណែទម្រង់ នៃ​ការផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ដែលជា​ផ្នែក​មួយ នៃ​កំណែទម្រង់​វិមជ្ឈការ និង​វ​សហ​មជ្ឈការ ជាពិសេស ការផ្ទេរ​មុខងារ និង​ធនធាន​ពី​ក្រសួង ស្ថាប័ន នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​គៀក​ប្រជាពលរដ្ឋ គឺ​ក្នុង​គោលបំណង​លើកកម្ពស់​ការផ្ដល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន ដើម្បី ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​សមធម៌​សង្គម ។ គិត​មកដល់ពេលនេះ យើង​បានរួម​សហការគ្នា រៀបចំ និង​អនុវត្ត​កម្មវិធី​ជាតិ អស់​រយៈពេល ៩​ឆ្នាំ ហើយ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន គួរ​ឲ្យ​កត់សម្គាល់ ។ ជាក់ស្ដែង សម្រាប់​ខេត្តកំពង់ចាម យើ​បានរៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ រ​ចា​សម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ក្រុង ស្រុក រួចរាល់​ហើយ នាពេល​ថ្មី​កន្លង​ទៅនោះ ។ ឯកឧត្ដម​អភិបាលរង​ខេត្ត លើកឡើងថា ជាការ​ពិតណាស់ ការចាប់ផ្ដើម​ប្រាកដ ជា​ជួបប្រទះ​បញ្ហា​ស្មុ​គ្រ​ស្មាញ និង​ការ​ប្រឈម​នានា ដែល​ត្រូ​ស្នើ​ដល់​ក្រុមប្រឹក្សា និង​គណៈ​អភិបាលក្រុង ស្រុក ទាំងអស់ ត្រូវ​បង្កើន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ចាត់ចែង​ដឹកនាំ និង​គ្រប់គ្រង​ការងារ​ថ្មី​នេះ ។ ដូច្នេះ វគ្គ​បណ្ដុះបណ្ដាល​តម្រង់​ទិស​នេះ វា​ពិត​ជាមាន​អត្ថប្រយោជន៍ យ៉ាងសំខាន់​ណាស់ សម្រាប់​សិក្ខាកាម​ទាំងអស់ ដើម្បី យកទៅអនុវត្ត​ជាក់ស្ដែង នៅតាម​រដ្ឋបាល​នីមួយៗ ប្រកបដោយ​ត​ម្ល​ភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។​

​ស្ថិតក្នុង​ឱកាស​នោះ ឯកឧត្ដម កៅ សុខ​អាន ក៏បាន​ផ្ដាំផ្ញើ ដល់​សិក្ខាកាម​ទាំងអស់ ត្រូវផ្ដោត​ការយកចិត្តទុកដាក់ ហើយ​ត្រូវ​កំណត់ថា រាល់​ខ្លឹមសារ និង​ការពន្យល់​បកស្រាយ របស់​គ្រូឧទ្ទេស គឺជា​គន្លឹះ​ល្អៗ និង​ជា​កិច្ចការ​សំខាន់​ចាំបាច់ សម្រាប់​យកទៅអនុវត្ត​ផ្ទាល់​លើ​កិច្ចការ​ប្រចាំថ្ងៃ ។ ដូច្នេះ សូម​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវមាន​វិន័យ​ល្អ និង​គោរព​ពេលវេលា ឲ្យ​បាន​ទៀត​ទាត់ ។ ត្រូវ​ចូលរួម​សកម្មភាព​ផុលផុស​ទាំង​ការ​សួរ​សំណួរ នូវ​អ្វីដែល​ខ្លួន​មិនទាន់​ច្បាស់លាស់ ។ សូមកុំ​មានគំនិត​ថា គ្រូ​មុខ​ដដែលៗ មេរៀន​ដដែលៗ មិនបាច់​រៀន​ទេ ខ្លួន​ចេះ​អស់ហើយ ។ តាមពិត មិន​ដូច្នោះ​ទេ អស់លោក លោកស្រី ត្រូវ​យល់ថា គ្មាន​ការរៀនសូត្រ​ណា មាន​ទីបញ្ចប់​នោះឡើយ ៕