អភិបាលខេត្ត​កំពង់ចាម ចុះសួរសុខទុក្ខ​នាយទាហាន ពលទាហាន កងពលតូច​អន្តរាគមន៍​លេខ​៦ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​

នួន សត្យា

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២​នេះ បាន​ដឹកនាំ​ប្រធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន កងពលតូច​អន្តរាគមន៍​លេខ​៦ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ អញ្ជើញ​ចូលរួម​ផងដែរ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​យក​ឱកាស​នោះ​ថ្លែងអំណរគុណ ដល់​នាយទាហាន​ពលទាហាន​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៦ ដែល​កន្លងមក​បាន​ចូលរួម​សហការ​យ៉ាង​សស្រាក់សស្រាំ ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ចការពារ​ទឹកដី និង​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ដូចជា​ការជួយ​ត្រួតពិនិត្យ​ពលករ​ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក​តាម​មណ្ឌល​ជាដើម ។

ក្នុងឱកាស​សំណេះសំណាល​ជាមួយ​នាយទាហាន​ពលទាហាន​នោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​មានប្រសាសន៍​ក្រើនរំលឹក ដល់​បងប្អូន​ពលទាហាន ដែលជា​កងកម្លាំង​ឆ្នើម​ទាំងអស់ សូម​ឲ្យ​យកចិត្តទុកដាក់​ថែទាំ​សុខ​ភាពជា​ចម្បង ជាពិសេស​ថ្មីៗ​កន្លងទៅនេះ ដោយសារ​មានការ​ប្រែប្រួល​នៃ​អាកាសធាតុ ដែល​ងាយ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​យើង ។ ទន្ទឹមនឹងនេះ ក៏ត្រូវ​ពង្រឹង​ផ្នែក​ជីវភាព​ក្នុង​គ្រួសារ​កងទ័ព​របស់​យើង តាមរយៈ​ការបង្កបង្កើត​ផល លើដី​របស់ខ្លួន ដែល​រាជរដ្ឋាភិបាល​ផ្ដល់ជូន ៕​