គ្រួសារ​ក្មេង​កំព្រា និង​ពិការភាព ទទួលបាន​អំណោយ​ផ្ទះ​មនុស្សធម៌ ខេត្តកំពង់ចាម​

ជួន រតនាវង្ស

​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និមន្ត និង​អមដំណើរ​ដោយ ព្រះ​វត្តមាន​ព្រះ​សីល​សំវរ ប៊​ត តាំង​ឆេង ព្រះ​នាគ​មុនី​មេគណ​ខេត្តកំពង់ចាម និង​ព្រះ​មន្ត្រី​សង្ឃ​ជាច្រើន​អង្គ ព្រមទាំង​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បាន​និមន្ត និង​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទី​២ ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្ត ក្រោម​កិច្ចសហការ​រវាង​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត និង សាលា​គណ​ខេត្ត ជូន​ដល់​ជន​មាន​ពិការភាព ក្រលំបាក​ម្នាក់ ឈ្មោះ ឆែក ភ័ក្ត្រ អាយុ ៣១​ឆ្នាំ រស់នៅ ភូមិ​ព្រែ​កទក់ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់​។​

​គួររំលឹកថា ប្អូនប្រុស ឆែក ភ័ក្ត្រ មាន​ប្រពន្ធ និង​កូនស្រី ២​នាក់​ក្នុងបន្ទុក​។ ដើមឡើយ ប្អូនប្រុស មាន​មុខរបរ​ជាជាង​ផ្សារ​ដែក ។ ជា​អកុសល កាលពី ២​ឆ្នាំមុន ពេល​កំពុង​ផ្សារ​ដំបូលផ្ទះ​គេ ស្រាប់តែ​ឆក់​ចរន្តអគ្គិសនី បណ្តាលអោយ​ជើង​ទាំង ២ របស់​ប្អូនប្រុស​រលាក​រលួយ ហើយ​ទីបំផុត ត្រូវ​កាត់ចោល​ក្រោម​ជង្គង់ ធ្លាក់ខ្លួន​ពិការ បាត់បង់​សមត្ថភាព​ពលកម្ម រហូតមក ។ ក្រៅពី​ការជួយឧបត្ថម្ភ​របស់​រដ្ឋ តាមរយៈ​ប័ណ្ណ​ក្រ ១ , អ​ម្រែ​កមេ​គ្រួសារ បាន​ធ្លាក់​មកលើ ប្អូនស្រី​ជា​ប្រពន្ធ ដែល​ធ្លាប់ជា​មេផ្ទះ បង្ខំចិត្ត​ដើរ​ស៊ីឈ្នួល​ជម្រះ​ស្មៅ ឬ​មើលថែ​ចំការ តាម​រដូវ ដើម្បី​បាន​កម្រៃ​ប្រចាំថ្ងៃ ចិញ្ចឹម​ប្តី​ពិការ និង កូនស្រី​ទាំង ២ ។ ដោយ​លទ្ធភាព​ខ្សត់ខ្សោយ , គ្រួសារ​នេះ រស់នៅ ក្នុង​កូនខ្ទម​ទ្រុឌទ្រោម ដែល​បិទបាំង​ដោយ​ដែក​សង្ក​សី​, ស្លឹក​ចាស់ៗ ដែល​បងប្អូន អ្នកជិតខាង​ផ្តល់អោយ ។​

​មើលឃើញ​ពី​ស្ថានភាព​លំបាក​នេះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា បានសម្រេច​ផ្តល់ជូន​ផ្ទះ​ឈើ​ខ្ពស់​ផុតពី​ដី ប្រក់​ស័ង្កសី (​ទំហំ​៤​ម​×៦​ម​) ១​ខ្នង ជូន​ប្អូន និង​គ្រួសារ សម្រាប់​ស្នាក់នៅ តទៅ ។

​លោកជំទាវ ប៉ាង ដា​នី អនុប្រធាន​អចិន្ត្រៃយ៍​សាខា និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​និង​វាយតម្លៃ​នៃ​កម្មវិធី​ផ្តល់​ផ្ទះ​មនុស្សធម៌​ខេត្ត បានអោយដឹងថា សម្រាប់​ផ្ទះ​មនុស្សធម៌ ១​ខ្នង ត្រូវ ចំណាយ​ទឹកប្រាក់​ចំនួន ៩,៨០០,០០០ រៀល ក្នុងនេះ សាខា បដិភាគ​ចំនួន ១,០០០,០០០​រៀល , ឯកឧត្តម អ៊ុន ចាន់​ដា ឧបត្ថម្ភ ១,០០០,០០០​រៀល​, ព្រះ​មេគណ​ខេត្ត ចំនួន ១,០០០,០០០ រៀល , ក្រៅពីនោះ ជាការ​ចូលរួម​បំពេញបន្ថែម របស់​សប្បុរសជន និង​ក្រុមការងារ​ចលនា​កៀរគ​រ និង​គ្រប់គ្រង​មូលនិធិ​នៃ​កម្មវិធី ។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ក្រើនរំលឹក​ដល់​អ្នកចូលរួម​និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​អោយបាន​ទ្វេដង​ថែមទៀត ក្នុងការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​បុគ្គល​ម្នាក់ៗ ក៏ដូចជា​ក្រុមគ្រួសារ​នីមួយៗ រួមទាំង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក្តី ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត អោយបាន​ខ្ជាប់ខ្ជួន នូវ វិធាន​សុខាភិបាល ” ៣​ការពារ ៣​កុំ និង ២​ចូលរួម ” ដើម្បី​ជៀសអោយផុត​ពី​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​ដ៏​កាច​សាហាវ កូ​វីដ​១៩ នេះ ក្នុងស្ថានភាព​ដែល​វីរុស​ប​ម្លែ​ង​ថ្មី កំពុង​ចរាចរ វាយលុក​យ៉ាងសកម្ម បង្កអោយមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង នៅក្នុង​គ្រួសារ និង សហគមន៍ ។​

​អំណោយ​មនុស្សធម៌ ដែល​ផ្តល់ជូន​គ្រួសារ ប្អូន ឆែក ភ័ក្ត្រ សម្រាប់​ការឡើង​ផ្ទះ​ថ្មី​នេះ រួមមាន អង្ករ ៥០​គ​ក្រ​, ត្រីខ ១០​កំប៉ុង​, ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ ៦​ដប​, មី ១​កេស​, ឃី​ត ១​សម្រាប់​, អាវយឺត ៨, សម្ភារ​ផ្ទះបាយ​មួយចំនួន និង ថវិកា ២០០,០០០​រៀល ។

​ដោយឡែក ពលរដ្ឋ​ខ្វះខាត​ជីវភាព ចំនួន ១៣​គ្រួសារ ទៀត ដែល​បាន​ចូលរួម​នាពេលនោះ ក៏​ទទួលបាន​អំណោយ​មនុស្សធម៌ ក្នុង ១​គ្រួសារ មាន អង្ករ ត្រីខ ឃី​ត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកា​ចំនួន ២០,០០០ រៀល ផងដែរ​៕​