រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែ ធ្វើឡើងជាសាធារណៈ មានតម្លាភាព

អត្ថបទដោយ៖ លោក អឿន ស្រួ

រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវតែធ្វើឡើងជា​សាធារណៈ មានតម្លាភាព និងលុបបំបាត់ឲ្យខានតែបានចំពោះ​ជន​ឆ្លៀតឱកាសចាំយកលុយទឹកតែ ហើយអាជ្ញាធរ ពាក់ព័ន្ធ​ទាំងអស់​​ត្រូវលុបបំបាត់អំពើពុករលួយ។ នេះបើតាមការឲ្យ​ដឹងពី​លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម មាន​ប្រសាសន៍ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាឱកាស​លោកចូលរួមធ្វើជាវាគ្មិនលើប្រធានបទស្តីពី៖ «តម្លាភាពនៃការ​ដេញ​​ថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំ សង្កាត់» នាថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។


លោក ឡី មិច ក៏បានស្នើឲ្យតំណាងក្រុមហ៊ុនទទួលការទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃ សូមឲ្យមានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ជៀសវាងការឃុបឃិតគ្នា​ក្នុងរូបភាពណាមួយ​ជាដាច់​ខាត ព្រោះនេះ ជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃត្រូវឲ្យមាន តម្លាភាព និងការ សាងសង់ ផ្លូវ ធ្វើ​ឲ្យ​​​ត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស។


លោក ឡី មិច បានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិ​ឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នក​ចូលរួម​​​ដេញថ្លៃទាំងអស់ ដើម្បីឲ្យមានតម្លាភាព និងជៀសវាងជា​ដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរ​ការនីតិវិធី​ដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឲ្យខានតែបាន ចំពោះជន​ឆ្លៀត​ឱកាស​​ចាំយកលុយទឹកតែ។ ដោយឡែកអ្នកទទួលការ​ដែលឈ្នះ​ក្នុងការដេញថ្លៃត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌ បច្ចេក​​ទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា។


លោកបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីលុបបំបាត់នូវ​ភាពអនាធិបតេយ្យក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ រដ្ឋបាលខេត្តបានតម្រូវឲ្យរៀបចំការដេញថ្លៃគម្រោងមូលនិធីឃុំ សង្កាត់ ជាលក្ខណៈប្រមូលផ្តុំនៅតាមសាលាក្រុង ស្រុកវិញ ដោយមានរដ្ឋបាលក្រុងស្រុកសហការរៀបចំសម្របសម្រួលឲ្យ និងមានតំណាងអាជ្ញាធរខេត្តចូលរួមតាមដានសង្កេតមើលគ្រប់ សកម្មភាពនៃការដេញថ្លៃនោះ។


ចំពោះអាជ្ញាធរឃុំ សង្កាត់ ទាំង១០ក្រុងស្រុកនៅក្នុងខេត្ត​កំពង់ចាម ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀប​ចំដេញថ្លៃ​គម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្ត​បន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះផងដែរ ពិសេសប្រជាពលរដ្ឋមានសិទ្ធិចូលរួម​ដឹងឮរាល់​កិច្ចការងារអភិវឌ្ឍគម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕