អត្ថបទដោយ៖ លោកស្រី ពុធ ធាវី និង លោកស្រី ពាង សុមាន
មន្រ្តីជំនាញនៃមន្ទីរកសិកម្ម បានពន្យល់ថា បច្ចុប្បន្នកសិករមួយចំនួនធំមិនអាចបោះបង់ចោលការប្រើប្រាស់ថ្នាំគីមីទៅលើដំណាំកសិកម្មទាំងស្រុងបានក៏ដោយ ប៉ុន្តែកសិករត្រូវតែបង្កើនការយល់ដឹងឲ្យបានខ្ពស់ ពីការប្រើប្រាស់ថ្នាំគីមីទៅលើផលដំណាំផ្សេងៗ ដើម្បីរក្សាសុខភាពខ្លួនឯង រក្សាគុណភាពដី និងគិតពីសុវត្ថិភាពអ្នកទទួលទានផងដែរ។ នេះបើតាមការលើកទ្បើងរបស់លោក ភួង ណាវុធ ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មខេត្តកំពង់ចាម នាឱកាសចូលរួមក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រី ៩២.៥០ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
សព្វថ្ងៃនេះបើទោះបីប្រជាកសិករមួយចំនួនបានងាកមកប្រើ ប្រាស់ជីសេរីរាង្គដែលផលិតខ្លួនឯងតាមការបង្រៀនពីមន្រ្តីជំនាញកសិកម្ម ឬអង្គការផ្សេងៗយ៉ាងណាក្តី ក៏នៅតែមិនអាចបោះបង់ជម្រើសប្រើប្រាស់ជីគីមី និងថ្នាំគីមីកសិកម្មបានដែរ ព្រោះ ថ្នាំគីមីអាចកម្ចាត់នូវកត្តាចង្រៃផ្សេងៗលើដំណាំពួកគាត់។ នេះបើតាមការលើកទ្បើងរបស់ប្រជាកសិករក្នុងខេត្តកំពង់ចាម ដែលបានចូលរួមក្នុងកម្មវិធីវិទ្យុ។
ប៉ុន្តែ លោក ភួង ណាវុធ បានបញ្ជាក់បន្ថែមថា កសិករគួរតែប្រើថ្នាំគីមីកសិកម្មជាជម្រើសចុងក្រោយ ហើយសូមទៅទិញថ្នាំគីមីកសិកម្មនៅកន្លែងដែលមានអាជ្ញាប័ណ្ណ និងមានការបកប្រែជាភាសារខ្មែរច្បាស់លាស់ ដើម្បីយល់ពីការប្រើប្រាស់ និងជៀសវាងទិញចំកន្លែងលក់ថ្នាំគីមីមិនមានការបកប្រែណែនាំបានត្រឹមត្រូវ នោះគឺជាកន្លែងលក់ដែលមិនស្របច្បាប់។
លោកបានបន្ថែមទៀតថា ប្រសិនបើបងប្អូនកសិករឃើញកន្លែងលក់ជីគីមីដែលមិនមានការបកប្រែភាសារច្បាស់លាស់ទេ នោះបងប្អូនក៏អាចចូលរួមរាយការណ៍ទៅអាជ្ញាធរនៅក្នុងមូលដ្ឋានផ្ទាល់ ឬរាយការណ៍មកមន្ទីរកសិកម្មនោះមន្ទីរនឹងចុះទៅអន្តរាគមន៍ដោយផ្ទាល់៕