កម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី០១ក្នុងខេត្តកំពង់ចាមបានជិត៤ម៉ឺននាក់

អត្ថបទសដោយ៖ លោក ធឹម សារ៉ន

មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម បាន​​ឲ្យ​​ដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំពោះគ្រួសារក្រីក្រ និង​ជន​​​​ងាយរងគ្រោះដោយសាជំងឺកូវីដ-១៩ ក្នុងជុំទី០១មានចំនួន​០២លើក គឺពីខែមិថុនា (គិតចាប់ពីថ្ងៃទី២៥ មិថុនា ដល់ថ្ងៃទី២៤ កក្កដា) និងខែកក្កដា (គិតចាប់ពីថ្ងៃទី២៥ ខែ កក្កដា ដល់ថ្ងៃទី២៤ ខែសីហា) បានចំនួន៣៩,៤៦៦ នាក់។

នេះបើតាមការអោយដឹងពីលោក ហួត សុធា អនុប្រធាន​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជននិងយុវនិតីសម្បទាខេត្តកំពង់ចាមបាន លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិ​ភ្នំប្រុស​ភ្នំស្រី​ខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ លើប្រធានបទ«ដំណើរការឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩»។

លោកបានបន្តទៀតថា ឆ្លងតាមការអនុវត្តន៍ ០២លើកក្នុងជុំទី០១ កន្លងទៅ ទាំងរដ្ឋបាលខេត្ត ក្រោមការចង្អុលបង្ហាញពី ឯឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រដ្ឋបាលក្រុង ស្រុក ក៏ដូចជាមន្ទីរផែនការខេត្ត បានចុះតាមដានការអនុវត្តន៍ ដល់មូលដ្ឋានផ្ទាល់ តាមឃុំ សង្កាត់ និងបញ្ជរវីង​រួមទាំងការ​អង្កេត​រហ័សតាមរយៈទូរស័ព្ទ ទៅអ្នកទទួលផលផ្ទាល់។ ជាមួយគ្នានោះ មន្ទីរក៏មានគ្រុបតេលេក្រាម ដែលមានសមាសភាពគ្រប់ឃុំ/ សង្កាត់ ក្នុងទូទាំងខេត្ត ដើម្បីធ្វើការសម្របសម្រួល ដោះស្រាយ បញ្ហាផងដែរ។

លោកក៏បានបន្តទៀតថា សម្រាប់ខេត្តកំពង់ចាម ចាប់តាំងពី អនុវត្តន៍ដំណើរការកម្មវិធីមក ពុំមានភាពមិនប្រក្រតី ណាមួយ កើតឡើងនោះទេ ទាំងនេះ សុទ្ធតែការយក់ចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយការទទួលខុសត្រូវខ្ពស់។

លោកក៏បានបញ្ជាក់ទៀតថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចំពោះ គ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសាជំងឺកូវីដ-១៩នេះ មានកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងផែនការ និង ក្រសួងសង្គមកិច្ច រួមទាំងមានការជួយ សម្រប់សម្រួលផ្នែក បច្ចេកទេស ដោយអង្គការ UNICEF ផងដែរ។ ហើយកម្មវិធីនេះ មានគោលបំណងផ្តល់កកិច្ចគាំពារ ដើម្បីរក្សាលំនឹងជីវភាព រស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុង ពេល ប្រយុទ្ធ និងជំងឺកូវីដ-១៩៕