អត្ថបទដោយ៖ ធឹម សារ៉ន

មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចេញប្រកាសវិធានការការពារមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាមនៅរដូវវស្សានេះ ខណៈខេត្តកំពង់ចាមរកឃើញ ៣២ករណីយៈពេលជាង ៦ខែមកនេះ។
នេះបើតាមការឲ្យដឹងពីលោកស្រី ឡុង ថារី មន្ត្រីកម្មវិធីគ្រុនឈាមនៃមន្ទីរសុខាភិបាល កំពង់ចាម បានចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតនៃ វិទ្យុជាតិភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម ក្រោមប្រធានបទ (ការបង្ការនិងទប់ស្កាត់ជំងឺគ្រុនឈាម នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
លោកស្រីបានពន្យល់ថា ជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់វ័យដែលបង្កឡើងដោយសត្វមូសខ្លាញីដែលជាភ្នាក់ងារចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សត្វមូសនេះច្រើនរស់នៅក្នុងទឹកថ្លាជិតមនុស្ស។ ដើម្បីការពារការចម្លងជំងឺនេះលោកស្រី អំពាវនាវឲ្យពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានចូលរួមបង្ការ និងទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងមេរោគដោយអនុវត្តនូវវិធានការមួយចំនួន ដូចជាកម្ចាត់មូសខ្លានៅកន្លែងដែលមានទឹកដក់ដូចជាពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ដោយត្រូវផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំយ៉ាងតិចម្ដងក្នុង ១សប្ដាហ៍។

លោកស្រីបានបន្ថែមថា ត្រូវដាក់ថ្នាំសម្លាប់ដង្កូវទឹកក្នុងអាង ពាង កន្លែងស្ដុក ឬចិញ្ចឹមត្រី ៧ ពណ៌នៅកន្លែងដែលអាចចិញ្ចឹមបាន ចំណែកសម្ភារៈដែលអាចដក់ទឹកបានត្រូវកម្ទេចចោល ឬត្រូវទុកឲ្យមានរបៀបកុំឲ្យមានដក់ទឹក។
លោកស្រី ឡុង ថារី ក៏បានក្រើនរំឭកដល់ពលរដ្ឋថា គ្មានអ្វីដែលល្អជាងការកាពារកុំឲ្យមានជំងឺទេ វិធីសាស្រ្តល្អបំផុតគឺ ការពារកុំឲ្យមានមូសខ្លានិងដង្កូវទឹកទាំងនៅក្នុង និងក្រៅផ្ទះ ហើយ ត្រូវតែប្រញាប់ស្វែងរកកន្លែងផ្ដល់សេវាសុខាភិបាលក្នុងករណីសង្ស័យថា មានជំងឺគ្រុនឈាមដើម្បីធ្វើរោគវិនិច្ឆ័យ រួមទាំងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕