លោកជំទាវ​ តោ​ ពិឡា ​រួមជាមួយ​ក្រុមទី​ផ្សា​ម៉ាក្រូ បាន​អញ្ជើញ​ជួប​ជាមួយ ​កសិករ​ដាំ​បន្លែ ចិញ្ចឹម​មាន់​និង​ត្រី​ដើម្បី​រក​ទីផ្សា​ជូន​ពួកគាត់​តាមរយៈ​ទីផ្សា​ម៉ាក្រូ​នៅ​កម្ពុជា​

អត្ថបទ៖ ទឹម សំណាង

ឆ្លើយតប​តាម​ការ​ចងក្រង​ជា​សហគមន៍​កសិករ​ដាំ​បន្លែ ចិញ្ចឹម​មាន់​និង​ត្រី កសិកម្ម​ខ្នាតតូច ដែល​ធ្វើឡើង កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បរិវេណ កសិដ្ឋាន​ចិញ្ចឹម​ត្រី បង្កង កង្កែប និង​សត្វ​មាន់ នៅ​ថ្ងៃទី​០៩​ខែកញ្ញា​ឆ្នាំ​២០២០​លោកជំទាវ តោ ពិឡា ទីប្រឹក្សា​ក្រសួង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​រួមជាមួយ​ក្រុមការងារ​ទីផ្សា​ម៉ាក្រូ​កម្ពុជា បាន​អញ្ជើញ​ជួប​និង​ពន្យល់​អំពី​ទំនិញ​មួយ ចំនួន ដែល​ត្រូវ​នាំយក​ចូល​ទីផ្សា​ម៉ាក្រូ​ហើយ​ត្រូវ​រៀបចំ​ដោយ​របៀប​ណា​ដើម្បី​ឲ្យ​ទំនិញ​ទាំងអស់នោះ​ប្រកបទៅដោយ​សោភ័ណភាព​និង​គុណ​។​

នៅក្នុង​មតិ​ស្វាគមន៍​របស់លោក​ឡោ​ចាន់​លី អភិបាលស្រុក​ព្រៃឈរ​និង​លោក​ឈិន បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម បាន​ថ្លែង​នូវ​អំណរ​សារ​ទរ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកជំទាវ តោ ពិឡា ទីប្រឹក្សា​ក្រសួង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​បឹង​ណាយ​ស្រុក​ព្រៃឈរ ព្រមទាំង ក្រុមការងារ​ទីផ្សា​ម៉ាក្រូ​ដែល​បាន​យក ចិត្ត​ទុកដាក់​ចំពោះ​ប្រជាកសិករ​ស្រុក​ព្រៃឈរ ដោយបាន​រួមចំណែក​និង​បង្ករ​លក្ខណៈ​ឲ្យ​កសិករ យើង មាន​ទីផ្សា​សម្រាប់​លក់​ផលិតផល​របស់ខ្លួន ដូចជា​បន្លែ ត្រី មាន់​។​ល​។​

លោកស្រី តំណាង​ក្រុមការងារ​ផ្សា​ម៉ាក្រូ​នៅ​កម្ពុជា បានបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ ទីផ្សារ​ម៉ាក្រូ​នៅ​កម្ពុជា​យើង​នេះ បាន​បើក​លក់​ហើយ មាន​ចំនួន ០២​កន្លែង ។ ទី​១ នៅ​ភ្នំពេញ និង​ទី​២ នៅ​ខេត្តសៀមរាប បានធ្វើ​ការលក់​ចែ​ចាយ​ជា​រៀងរាល់ថ្ងៃ ។ នៅថ្ងៃនេះ​ដែរ ក្រុមការងារ​យើងខ្ញុំ​មក​ថ្ងៃនេះ​គឺ​ក្នុង គោលបំណង​ចង់​ឲ្យ​បងប្អូន​កសិករ​ដែលជា​អ្នក​ដាំ​បន្លែ ចិ​ញ្ជឹ​ម​សត្វ និង​ត្រី​មាន​ទីផ្សា​ច្បាស់លាស់ និង ធានា​នូវ​តម្លៃ​ផង​ង​ដែរ​។​

អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះ​លោកជំទាវ​តោ​ពិឡា​បាន​រំលឹក​ឡើងវិញ​នូវ​ស្មារតី​នៃ​អង្គប្រជុំ​កន្លងទៅ​ស្ដីពី​គ​ម្រោ​កសិកម្ម​ខ្នាតតូច​រួមមាន​ត្រី បន្លែ មាន់ កង្កែប បង្កង ពេលនេះ​គឺជា​ឱកាស​បងប្អូន ហើយ​ដែល​ត្រូវ​នាំ​ទំនិញ​ចូល​ទីផ្សា​ម៉ាក្រូ ក្នុងនោះដែរ​ក៏ត្រូវ​បានកំណត់​ពេល​ច្បាស់លាស់ ដោយ​កំណត់ មុន​ម៉ោង​០៦​ព្រឹក​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ស្រុក​ព្រៃឈរ​យើង​គឺមាន​៥​ឃុំ​អាច​ដាំ​បន្លែ​វិលជុំ​បាន​ដោយ ឡែក​១០​ឃុំ​ដែល​គ្មាន​ប្រភពទឹក អាច​ចិញ្ចឹមសត្វ​បាន​ផងដែរ​។​

បន្ទាបមក​ក្រុមការងារ​បាន​បែងចែក​ជា​បី​ក្រុម​សម្រាប់​ផ្ដល់​អនុសាសន៍ ដោយ​ជ្រើសរើស​ពូជ​មាន់ ដែល​ត្រូវ​ចិញ្ចឹម​យក​សាច់​និង​ពូជ​ត្រី​តម្រូវ​តាម​ទីផ្សា​និង​ការ​វេច​ខ្ចប់​សំអាត ដោយ​បេះ​ស្លឹក​ទំ​ឬ​ស្លឹក​ណា ដែល​មិន​ស្អាត​ដាច់​រហែក​ធ្វើ​ឲ្យ​បន្លែ​គ្មាន​សោភ័ណភាព​។​ម្យ៉ាងវិញទៀត​អ្នក​ដាំ​បន្លែ​ត្រូវតែ​គោរព​គោល​ការ​ដោយ​មិន​ប្រើប្រាស់​ជីគីមី​ឬ​ថ្នាំ​សម្លាប់​សត្វល្អិត លើស​កំណត់​ពី​ការណែនាំ​របស់​ក្រសួង​ឬ​មន្ទីរ កសិកម្ម​ឡើយ បើ​ពិនិត្យឃើញថា​មាន​បញ្ហា​ដូចដែល​បាន​រៀបរាប់​ខាងលើ នោះ​ទីផ្សា​ឈប់​ទទួលយក ហើយ​។