ឆ្នាំ​២០២៣ ក្រុង​កំពង់ចាម​នឹងមាន​ការកែលំអរ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ថ្មី​ក្នុង​សង្កាត់​២​បន្ថែមទៀត​

លោកស្រី ពុធ ធាវី និង ពាង សុមាន

នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម នឹង​រៀបចំ​កែលំអរ​ប្រព័ន្ធ​លូ​ថ្មី ដើម្បី​រំដោះ​ទឹក ក្នុង​២​សង្កាត់​បន្ថែមទៀត​គឺ​សង្កាត់​វាលវង់ និង​សង្កាត់​សំបួរមាស​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក លី ខាំ​ជួរ ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​កំពង់ចាម ប្រាប់​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​។​


​លោក លី ខាំ​ជួរ មានប្រសាសន៍ថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​លើក​គំរោង​៣​ឆ្នាំ​រំកិល​ស្នើសុំ​ជួសជុល​កែលំអរ​ប្រព័ន្ធ​លូ​ថ្មី ដែលមាន​មុខកាត់​១.5​ម៉ែត្រ ជំនួស​លូ​ចាស់​ដែលមាន​ទំ​ហ៊ំ​ត្រឹមតែ​៣​តឹក​នៅតាម​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង ជាពិសេស​សង្កាត់​វាលវង់ និង​សង្កាត់​សំបួរមាស ដែល​កន្លងទៅ​ផ្លូវ​មួយចំនួន និង​ផ្ទះ​ប្រជាពលរដ្ឋ​តែងតែ​រង​ការ​ជន​លិច​នៅ​រដូវវស្សា​ពេល​មាន​ភ្លៀង​ធំ​ម្តងៗ​។​


​លោក​បន្ថែមថា ដោយ​មើលឃើញ​ពី​ផល​លំបាក និង​មានការ​លើកទ្បើង​ពី​ប្រជាពលរដ្ឋ​ថា កន្លងមក​មាន​បញ្ហា​ស្ទះលូ​នៅតាម​ផ្លូវ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ជន់​លិច​ពេល​ភ្លៀង​ធំ​ម្តងៗ ទឹក​ហូរ​មិនទាន់​ក្នុង​សង្កាត់​មួយចំនួន ឆ្នាំ​២០២០​នេះ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ក៏​កំពុង​និង​បានរៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ថ្មី​ដែលមាន​មុខកាត់​ធំ​ជំនួស​លូ​ចាស់​តូចៗ​នៅតាម​ផ្លូវធំៗ ដូចជា​ក្នុង​សង្កាត់​បឹង​កុក កំពុង​សាងសង់​។​


​លោក លី ខាំ​ជួរ បានបញ្ជាក់​បន្ថែមថា ដើម្បី​រួមចំណែក​ទប់ស្កាត់​ការកក់ស្ទះ​លូ ទឹក​ហូរ​មិនទាន់ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បាន​សហ​ការណ៍​ជា​ដៃគូរ​នានា និង​អាជ្ញាធរ​ក្នុង​សង្កាត់​ទាំង​៤ ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា និង​អនាម័យ​តាម​មុខ​លូ​នៅតាម​មុខផ្ទះ​រៀងៗ​ខ្លួន ពិសេស​គ្រប់គ្រង​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​កុំ​ចាក់ដី​ខ្សាច់ ឬ​ថ្ម​នៅតាម​ចិញ្ចើមផ្លូវ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ស្ទះលូ​រំដោះ​ទឹក​៕